ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តនឹងជាប្រធានគណ:កម្មាធិការគណបក្សខេត្ត និងឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី បានអញ្ជើញកាន់បិណ្ឌទី២ ជាមួយពុទ្ធបរិស័ទ ដោយមានការប្រគេនចង្ហាន់ និងប្រគេនទេយ្យទាន ទេយ្យវត្ថុ ផ្សេងៗទៀតជូនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តសត្ថាធម្មវិហារ(ភ្នំពោន) សស្ថិតនៅភូមិលាវឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
មានមតិសំណេះសំណាលក្នុងពិធីកាន់បិណ្ឌនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ពិធីបុណ្យភ្ជុំបិណ្ឌដែលធ្វើតាមទំនៀមទម្លាប់ពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិកតជំនាន់ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា ញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងទៀតដើម្បីសុំសេចក្តីសុខចម្រើន និងបង្កើននៅសាមគ្គីធម៌ក្នុងសង្គមជាតិ។
ឯកឧត្តមបណ្ឌិតលើកឡើងបន្តថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសកម្ពុជារបស់យើងទទួលបាននៅសុខសន្តិភាពពេញបរិបូរណ៍ ទើបយើងទាំងអស់គ្នាមានឱកាសមកធ្វើបុណ្យកាន់បិណ្ឌជាមួយគ្នា នៅតាមទីវត្តអារាម និងក៏មានឱកាសជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិនៅតាមគេហដ្ឋានរៀងៗខ្លួន៕ សេង ណារិទ្ធ