(ខេត្តកំពង់ធំ)÷ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក តាន់ វាសនា ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារថ្នាក់/ឃុំ បានចុះពិនិត្យស្ពានឈើមួយកន្លែងដែលរងគ្រោះដោយទឹកជំនន់ ព្រមទាំងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ការសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ចុះពិនិត្យស្ពានឈើមួយកន្លែងព្រោះរដូវវស្សាបានឈានចូលមកដល់ហើយទឹកជំនន់ក៏ជន់កាន់តែលឿន ធ្វើឱ្យលិចភូមិឋានដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត។ សម្រាប់ស្ពានឈើមួយដែលទឹកជំនន់កំពុងជន់លិចនេះ ធ្វើឱ្យបងប្អូនលំបាកក្នុងការធ្វើដំណើរ ពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ព្រោះស្ពានឈើនេះចាំបាច់ណាស់សម្រាប់ប្រជាជនក្នុងសហគមន៍ធ្វើដំណើរដឹកកសិផលផ្សេងៗ ដើម្បីសំដៅទៅទីផ្សារ។ សម្រាប់ពេលនេះមានតែទូកស្មាច់មួយសម្រាប់ចម្លងទាំងម៉ូតូទាំងមនុស្ស ធ្វើឱ្យការធ្វើដំណើរមានការយឺតយ៉ាវហើយពុំសូវមានសុវត្ថិភាពនិងមានហានិភ័យផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរភូមិ/ឃុំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលដើរឆ្លងកាត់ស្ពានឈើនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកជំនន់កំពុងតែហក់ឡើងជាបណ្ដើរៗ អាជ្ញាធរនៅក្នុងមូលដ្ឋានត្រូវតែរកទូកដែលមានសុវត្ថិភាពសម្រាប់ចម្លងម៉ូតូ និងមនុស្សប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក។
សូមបញ្ជាក់ផងដែរថា ស្ពានឈើត្រពាំងព្រីង មានប្រវែង ១៣០ម៉ែត្រសាងសង់ក្នុងឆ្នាំ២០១២ ដោយឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានរដ្ឋសភាទី១ នៃព្រះរាជាណាចក្រកម្ពុជាស្ថានភាពស្ពានឈើសព្វថ្ងៃមានការទ្រុឌទ្រោម និងមានការលំបាក។ ចំពោះសិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀន។ ស្ត្រីមានផ្ទៃពោះនិងសម្រាលកូនមានការលំបាកក្នុងការធ្វើដំណើរទាំងរដូវប្រាំង និងរដូវវស្សា។ សម្រាប់ការដឹកជញ្ជូនកសិផលពុំទាន់មានសុវត្ថិភាព។ ប្រជាពលរដ្ឋដែលឆ្លងកាត់ស្ពានឈើនេះមានចំនួន៥ភូមិ÷ មានភូមិត្រពាំងព្រីង ភូមិវាលចាស់ ភូមិស្រែវាល ភូមិព្រិច និងភូមិគន្ទាកផងដែរ។ អត្ថបទលោក ធូ កែវមុន្នី