សមត្ថកិច្ចចម្រុះថ្នាក់ជាតិ និងខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសឈើរាប់រយកំណាត់ ដែលកាប់និងដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់ និងឃាត់ខ្លួនមនុស្សពីរនាក់ !

0

ដោយ៖ឡុង សំបូរ
ខេត្តកំពង់ធំ៖ ឈើឃ្លុំប្រភេទលេខ១ច្រើនរយកំណាត់ និងឈើក្តាររាប់រយបន្ទះផ្សេងទៀត ត្រូវបានរកឃើញ និងរឹបអូសនៅទីតាំង ៤ផ្សេងគ្នា និងបានឃាត់ខ្លួនមនុស្ស២នាក់ ដោយកម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ជាតិ និងខេត្តកំពង់ធំ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ (១៥-១៦កញ្ញា២០២៤) នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មូលហេតុដែលផ្តើមឱ្យមានការចុះបង្ក្រាបបទល្មើសព្រៃឈើ មានលក្ខណៈទ្រង់ទ្រាយធំបែបនេះ លោក តាន គឹមសួរ សមាគមយុវជនស្រឡាញ់ធម្មជាតិ បានអះអាងថា ក្រោយពីទទួលបានតម្រុយពីបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់នេះរួចមក លោកនិងក្រុមការងារ បានចំណាយពេលអស់ជិត ១ខែ ដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះ។
លោកបន្តថា បន្ទាប់ពីរកឃើញវត្ថុតាងច្បាស់លាស់អស់ហើយ ពួកលោកបានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របពេលជាមួយគ្នានោះ ក្រសួងបានចាត់កម្លាំងចម្រុះ ដែលរួមមានលោក អ៊ិត ភូម្រា អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានចុះបង្រ្កាបបទល្មើសនេះ កាលពីថ្ងៃទី១៥ និង១៦ ខែកញ្ញា២០២៤ នៅទីតាំង ៤កន្លែងផ្សេងគ្នា នៅក្នុងឃុំចុងដូង និង ឃុំបល្ល័ង្គ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងរបាយការណ៍សមត្ថកិច្ចចម្រុះ នៅក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃកន្លងមកនេះ បានបង្ហាញថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺ ១-ឈ្មោះ ជី ណា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ និងដកហូតឈើប្រណិត ៦១ដុំ ប្រភេទឈើសុក្រម។ ២-ឈ្មោះ លាប សេងហុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិតាឌុប ឃុំបល្ល័ង្គ ស្រុកបារាយណ៍ (មេការ) និងដកហូតឈើផ្តៀក និងឈើទាល ៤៥សន្លឹក ឈើក្តារកកោះ ៣២សន្លឹក ឈើតាប់កកោះ ១២ដុំ និងឈើសសរ ១៨ដុំ ដកហូតឈើប្រណិតសុក្រម ៨៥ដុំ និងរថយន្តសាំយ៉ុង ១គ្រឿង ពណ៌ស ស្លាកលេខ ភ្នំពេញ 2R-7835 នៅក្នុងភូមិចុងដូង ឃុំចុង់ដូង ស្រុកបារាយណ៍ និងឃាត់រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយ ៣ភ្លៅ ១គ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0306 ដឹកឈើជំរាក ឈន( ប្រភេទឈើផ្ដៀក និងឈើទាល ១រថយន្តណែនពេញ មិនទាន់វាស់វែង) ស្ថិតក្នុងភូមិជ័យមង្គល ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដ៏ក្តៅគគុកនេះ វត្ថុតាងរថយន្ត ឈើខុសច្បាប់ និងជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននោះ ត្រូវបានបញ្ជូនមកកាន់ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ធ្វើការសាកសួរ និងរក្សាទុកវត្ថុតាងបទល្មើស ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ធំ។
ដោយឡែក កម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ជាតិ និងខេត្តកំពង់ធំ រហូតមកដល់ថ្ងៃទី១៩កញ្ញា២០២៤នេះ មិនទាន់បញ្ចប់ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងដែនដីរដ្ឋបាលខេត្តកំពង់ធំ នៅឡើយទេ៕