ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្តត្បូងឃ្មុំ នៅបរិវេណសភាពាជ្ជណិកម្មខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បង្កើតឡើងដោយ អនុក្រឹត្យលេខ១០៤អនក្រ.ប្រក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានសមាជិកជ្រើសរើសតាំងសរុប១៥រូប ទីប្រឹក្សាសរុប១៤រូប ។ ទន្ទឹមនេះ សភាពាណិជ្ជកម្ម មានភារកិច្ចជួយសម្រួលរកទីផ្សា និងទាក់ទាញអ្នកវិនិយោគដើម្បីចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចខេត្ត ក៏ដូចជាការរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចខេត្តតាមរយៈវិស័យឯកជន។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្ត ដែលជាប់នៅអាណត្តិទី២បន្តទៀត ដើម្បីបន្តការដឹកនាំជាមួយដៃគូវិនិយោគក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អោយរៀបចំនូវរចនាសម្ព័ន្ធការងារ ការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារទៅតាមច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានបន្តទៀត។ ក្នុងនោះ ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បំពេញតួនាទី ជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារផលប្រយោជន៍រួមឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណា បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា ហើយរដ្ឋបាលខេត្ត និងនៅតែសហការគាំទ្រជានិច្ច រាល់ដំណើរការរបស់សភាពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូននិងល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម តាមរយៈការបង្កើននូវទំនាក់ទំនងល្អ ជាមួយដៃគូវិនិយោគឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីធ្វើការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន ឡើងទ្វេរឡើងថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកឡើងពីការត្រៀមរៀបចំពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ យ៉ាងអធិកអធមអឺងកង អមជាមួយការប្រណាំងទូកង ការតាំងលក់ទំនិញពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្រ្តីខ្នាតធំ អកអំបុក ការបណ្តែតប្រទីប ការដុតកាំជ្រួចនាពេលរាត្រី និងកម្មវិធីជាច្រើនទៀតនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអំពាវនាវ សូមឲ្យជួយឧបត្ថម្ភគាំទ្រជាថវិកានិងសម្ភារៈផ្សេងៗ ដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក(ង)នេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរផងដែរ៕