ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ សំណេះ សំណាលសាកសួរសុខទុក្ខ ក្រុមជាងសំណង់កសាងទីស្នាក់ការគណបក្ស និងឧបត្ថម្ភស្បៀងអាហារ ជូនសមាជិកបក្ស ដែលមានជីវភាពខ្វះខាតនៅឃុំដងកាំបិត

0

កំពង់ធំ: ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី ទៅត្រួតពិនិត្យលទ្ធផលនៃការសាងសង់ទីស្នាក់ការគណបក្សឃុំ និងសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគណបក្ស ដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងក្រុមជាងសំណង់ ដែលកំពុងសាងសង់ទីស្នាក់ការគណបក្សប្រជាជន នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក ឃួន សុខមករា តំណាងឲ្យក្រុមជាងសំណង់ ដែលកំពុងសាងសង់ទីស្នាក់ការគណបក្ស បានរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃ នៃការសាងសង់ទីស្នាក់ការគណបក្សប្រជាជននៅឃុំដងកាំបិតកន្លងទៅនេះ ក្រុមជាងបានដំណើរការអនុវត្តតាមគម្រោងប្លង់ ដែលបានគ្រោងទុក ហើយគិតមកដល់ពេលនេះលទ្ធផលនៃការសាងសង់ទទួលបាន៤០ភាគរយហើយ ។ ចំពោះនៅសប្តាហ៍ក្រោយ យើងដំណើរការឡើងដំបូល និងរៀបជញ្ជាំងឥដ្ឋបង្ហើយនៅផ្នែកខាងក្រោម។

ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមជាងសំណង់ ដែលបានបំពេញភារកិច្ចប្រកប ដោយស្មា រតីទទួលខុសត្រូវខ្ពស់ ទោះបីមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏ក្រុមជាងខិតខំពុះពារសាងសង់ទីស្នាក់ការឲ្យទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ។ ហើយបានផ្ដាំផ្ញើដល់ក្រុមជាងសំណង់ទាំងអស់ត្រូវខិតខំប្រឹងប្រែង ក្នុងការសាងសង់បន្តទៀត ឲ្យបានឆាប់រហ័សទាន់ពេលវេលា ប្រកបដោយមានគុណភាព និងសោភណ្ឌភាព ។ហើយនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមជាងសំណង់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ រហូតដល់ការងារសាងសង់រួចរាល់ជាស្ថាពរ។ជាមួយនេះដែរ ឯកឧត្ដម សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្តាន់ បានសូមគោពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម អស់លោក លោកស្រី ជាសប្បរសជនទាំងអស់ ដែលបានចូលរួមចំណែកជាថវិកា និងសម្ភារៈក្នុងដំណើរការសាងសង់ទីស្នាក់ការគណបក្សប្រជាជននៅឃុំដងកាំបិតនេះ ។

ដោយឡែកចំពោះសមាជិកគណបក្ស ដែលមានជីវភាពលំបាកខ្វះខាតចំនួន៧ គ្រួសារនៅភូមិស្រែវាលខាងលិច និងខាងកើត ដែលបានអញ្ជើញមកកាន់ទីនេះ ឯកឧត្តម សោម ស៊ុន ក៏បានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនក្នុងមួយគ្រួសារនៅអង្ករ២៥ គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ។ ចំពោះក្រុមបើកបរកាណូតចំនួន ២គ្រឿង អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកជញ្ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនដោយឥតគិតថ្លៃចំនួនពីរនាក់ ក៏បានទទួលមានស្បៀងអាហារ គ្រឿងឧបភោគបរិភោគក្នុងមួយនាក់ ទទួលបានអង្ករចំនួន ៥០គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕