ខេត្តកែប: ករណីទំនាស់ស្ទើបែកផ្សែង រវាងភាគីអ្នកមានដីខាងមុខជាប់ព្រំប្រទល់គ្នាជាមួយភាគីខាងក្រោយ បានឈានដល់ដំណាក់កាលមួយពិបាករកដំណោះស្រាយហើយ ខណ:ភាគីដីខាងក្រោយមានចិត្តមហិច្ឆិតាជួលគ្រឿងចក្រ(អាអ៉ិច)មកកាយដី និងរុះរើសម្ភារ:ភាគីខាងមុខដូចប្លន់ បំណងរំលោភយកស្រស់ៗ ដោយគ្មានអាជ្ញាធរ និងជំនាញណាម្នាក់មកដឹងឮឡើយ។
ចំពោះករណីទំនាស់ខាងលើ បើតាមភាគីម្ចាស់ដីខាងក្រោយគេអះអាងថា ដីខាងមុខដែលភាគីម្ខាងទៀតចាក់បំពេញសម្រាប់អាស្រ័យផងនេះ ជាដីជាប់ក្នុងប្លង់កម្មសិទ្ធិរបស់គាត់ ទើបគាត់ហ៊ានហៅគ្រឿងចក្រមកកាយយកដីចេញ ហើយគាត់សុំច្បាប់អាជ្ញាធរក្រុងរួចហើយ។
ប៉ុន្តែរឿងរ៉ាវវិវាទនេះ បើតាមខ្លឹមសារច្បាប់ដែលភាគីដីខាងក្រោយបានបង្ហាញ គឺភាគីម្ចាស់ដីខាងក្រោយ ស្នើសុំទៅរដ្ឋបាលក្រុងកែបត្រឹមធ្វើរបងក្នុងដីកម្មសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ ពុំមែនមានសិទ្ធិយកគ្រឿងចក្រមកកាយរំលោភយកដីភាគីខាងមុខដែលកំពុងអាស្រ័យផងដីរបស់រដ្ឋនោះឡើយ។ជាងនេះទៅទៀត ខាងភាគីដីខាងមុខ ថ្វីដ្បិតគាត់ពុំទាន់មានប្លង់កម្មសិទ្ធិ ប៉ុន្តែក៏មានការអះអាងពីអាជ្ញាធរមូលដ្ឋានយ៉ាងច្បាស់ថា ដីខាងមុខពិតជាមានម្ចាស់ត្រឹមត្រូវ គ្រាន់តែមានទំហំតូចពេកធ្វើប្លង់មិនកើត ព្រោះទំហំដីដែលកាត់ចេញពីដីចំណាយផ្លូវ គឺនៅសល់ត្រឹមតែ12ម៉ែត្រការ៉េប៉ុណ្ណោះ។
ជុំវិញករណីដដែលនេះ អ្នកជិតខាងជាច្រើននាក់ សុទ្ធសឹងជាសាក្សីរស់ ដែលពួកគាត់ធ្លាប់ដឹងពីប្រវត្តិដីខាងលើ បាននិយាយស្រដៀងៗគ្នាថា តាមការពិតដីនៅចំណុចទំនាស់នេះ កាលមុនសុទ្ធសឹងជាដីស្រែទាំងអស់ដោយមានការបែងចែកជាភ្លឺស្រែ សម្រាប់សំគាល់ ហើយភាគីខាងក្រោយក៏ដឹងច្បាស់ថា ដីខាងមុខមិនមែនជាដីរបស់ខ្លួនទេ។ប៉ុន្តែករណីរំលោភបំពាននេះ ពិតជាមានមូលហេតុ ដោយសារដឹងថា ម្ចាស់ដីខាងមុខពុំទាន់មានប្លង់កម្មសិទ្ធិ ទើបភាគីដីខាងក្រោយ មានឱកាសប៉ងរំលោភយកតែបង។
ចំពោះករណីខាងនេះ មហាជនបានលើកឡើងថា ការទំនាស់ឈានដល់ការរំលោភបំពានដីធ្លីនេះ អាចបណ្តាលមកពីភាពមិនច្បាស់លាស់រវាងព្រំប្រទល់ដីទាំងសងខាង ហើយអាជ្ញាធរ និងជំនាញ ក៏មិនទាន់បានកំណត់ព្រំប្រទល់អោយភាគីម្ចាស់ដីខាងក្រោយ ឱ្យបានត្រឹមត្រូវ។ ចំពោះអ្នករស់នៅអាស្រ័យផលដីរដ្ឋខាងមុខ បើទោះជាគាត់មានដីពិតប្រាកដខាងមុខតែមួយចំអាម ក៏ជាដីរបស់គាត់យ៉ាងពិតប្រាកដដែរ ហើយគាត់ពិតជាមានសិទ្ធិតវ៉ា មិនអោយគេមករំលោភយកដោយងាយស្រួលដែរ។
ទាក់ទងនឹងករណីទំនាស់រវាងភាគី ដីមុខនិងដីក្រោយខាងលើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក ឃន វុទ្ធី អភិបាលក្រុងកែប ដើម្បីសុំការពន្យល់ ប៉ុន្តែលោកប្រាប់ថាជាប់ប្រជុំ៕ ជាយដែន