សៀមរាប: អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យដំណើរការ គម្រោងសហគមន៍ភូមិវត្តបូព៌ ដែលគម្រោងក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ដើម្បីរួមចំណែកក្នុងការកែលម្អបរិស្ថាន ក៏ដូចជាបង្តើតនូវផលិតផលទេសចរណ៍ថ្មីមួយទៀតក្នុងក្រុងសៀមរាបក្រៅងពីតំបន់ Pubstreet នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ភូមិវត្តបូព៌ទំាងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំង ដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២។ ដោយមានការសរសេររៀបរាប់ពីសកម្មភាព ដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។ ទន្ទឹមនោះ ទីអារាមមួយនេះ ក៏នឹងគ្រោងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២៥៧៥ វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរសម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។
ដោយឃើញពីភាពសម្បូរបែប ទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើត គម្រោងសហគមន៍ភូមិវត្តបូព៌ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលយើងផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវ រក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។ នៅកំណាត់ផ្លូវលេខ២៦ នេះមានរៀបចំជាផើងផ្កា កន្លែងអង្គុយលេង ធុងសំរាម និងការតុបតែងលម្អផ្សេងៗអមជាមួយអាហារដ្ឋាន កន្លែងលក់វត្ថុអនុស្សាវរីយ៍ មើលទៅមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍។
លោកអភិបាលរង បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អ របស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ និងប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋក្នុងភូមិវត្តបូព៌ទាំងមូល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគម្រោងសាកល្បងសហគមន៍ភូមិវត្តបូព៌ថ្មីនាពេលនេះ។ លោករំពឹងថា បងប្អូនប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិករទេសចរណ៍ក្នុងភូមិវត្តបូព៌ទាំងអស់ នឹងបន្តគាំទ្របានកាន់តែច្រើន ដើម្បីមានលទ្ធភាព ពង្រីកគម្រោងនេះបានកាន់តែធំទូទាំងភូមិវត្តបូព៌ទាំងមូល។
លោក អ៊ុន សាវ៉ាន់ ជាអ្នកប្រកបអាជីវកម្មម្នាក់នៅ ក្នុងភូមិវត្តបូព៌នេះ បានលើកឡើងថា គម្រោងនេះ ពិតជាល្អមែនទែនសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលចូលចិត្តភាពស្ងប់ស្ងាត់ ពួកគាត់អាចមកទទួលទានអាហារ ទិញទំនិញផ្សេងៗ ផឹកការហ្វេ អង្គុយលេងកម្សាន្តអមដោយបរិយាកាសល្អ មានអនាម័យបរិស្ថានល្អ។ លោក ក៏បានអរគុណដល់រដ្ឋបាលខេត្តសៀមរាប ដែលបានរៀបចំឱ្យមានគម្រោងនេះឡើង ជា ផលិតផលទេសចរណ៍ថ្មីមួយទៀត ដ៏ទាក់ទាញក្នុងក្រុងសៀមរាប ក្រៅងពីតំបន់ Pubstreet៕