អ្នកនាំពាក្យរដ្ឋាភិបាលដែនដីប៉ាឡេស្ទីន បានផ្តល់ដំណឹងថា ពួកគេបានសំរេចចិត្តលើកការប្រជុំចរចា ជាមួយអ៊ីស្រាអែលដែលគ្រោងធ្វើនៅក្រុងគែរ រដ្ឋធានីអេហ្ស៊ីប ដោយសាតែអេហ្ស៊ីបបានបិទច្រកចេញចូល តំបន់ហ្គាហ្សា។ ការពន្យាពេលនេះ មិនដឹងថា ពេលណា ទើបការចរចារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នឹងចាប់ផ្តើមឡើងវិញទេ។
តំណាងគណៈប្រតិភូចរចារបស់ក្រុមប៉ាឡេស្ទីនបានជូនដំណឹងថា ក្រុមខ្លួននឹងលើកការចរចាជាមួយភាគីអ៊ីស្រាអែលទៅថ្ងៃក្រោយ។ ការចរចានេះ ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃចន្ទ ទី២៧ តុលានេះ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ ក្រុមហាម៉ាសប៉ាឡេស្ទីន បានឲ្យដឹងថា ពួកគេសម្រេចចិត្តលើកការចរចានេះ ក៏ដោយសា តែស្ថានភាពអសន្តិសុខនៅប្រទេសអេហ្ស៊ីប។
សូមបញ្ជាក់ថា ពីរថ្ងៃមុននេះ អេហ្ស៊ីបបានដាក់តំបន់ស៊ីណៃ ភាគឥសានប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីរងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ បង្កឡើងដោយពួកអ៊ីស្លាមជីហាតនៅតំបន់នោះ។ ក្នុងហេតុការណ៍ចុងក្រោយគេ ហើយដែលធ្ងន់ធ្ងរជាងគេដែរ គឺដោយសាភេរវកម្មអត្តឃាត ដែលបានសម្លាប់ទាហានអេហ្ស៊ីប អស់៣០នាក់ និង២៩នាក់ផ្សេងទៀតរងរបួសធ្ងន់។ ភ្លាមៗនោះ រដ្ឋាភិបាលយោធាអេហ្ស៊ីបបានដាក់តំបន់នេះក្នុង
ភាពអាសន្ន ហើយបានបិទច្រកចេញចូលព្រំដែន ជាមួយនឹងតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន។ សូមបញ្ជាក់ថា ច្រកព្រំដែន រ៉ាហ្វានេះ ជាច្រកចេញចូលតែមួយគត់របស់តំបន់ហ្គាហ្សាប៉ាឡេស្ទីន ដែលគ្មានការត្រួតពិនិត្យពីអាជ្ញាធរអ៊ីស្រាអែល។ មេដឹកនាំក្រុមហាម៉ាស បានឲ្យដឹងថា ដោយហេតុតែច្រកព្រំដែននេះ ត្រូវអេហ្ស៊ីបបិទ ដូច្នេះ គណៈប្រតិភូប៉ាឡេស្ទីនមិនអាចធ្វើដំណើរចេញពីតំបន់ហ្គាហ្សា ទៅចូលរួមប្រជុំនៅក្រុងគែរបានទេ។