អភិបាលខេត្តក្រចេះ នាំយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ឧបត្ថម្ភដល់ប្រជាពលរដ្ឋជាង ៤០គ្រួសារ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅលើទីទួលមានសុវត្ថិភាព !

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានអញ្ជើញដឹកនាំមន្ត្រីខេត្ត ក្រុង មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៤២គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅលើទីទួលសុវត្ថិភាពមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រចេះ និងសង្កាត់អូរប្ញស្សី នៃក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
អំណោយដែលត្រូវផ្តល់ជូន ប្រជាពលរដ្ឋទាំង ៤២គ្រួសារ នាពេលនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មុង១, មី១កេស, ត្រីខ១០កំប៉ុង, កៅស៊ូតង់១ និងថវិកា ៥ម៉ឺនរៀល ផងដែរ ។
អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចតែងនឹករលឹក និងយកចិត្តទុកដាច់ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ។
ឯកឧត្តមអភិបាលខេត្តក្រចេះ មានប្រសាសន៍ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែទាំសុខភាពឱ្យបានល្អ ជាមួយនឹងការរស់នៅស្អាត ហូបស្អាត ផឹកទឹកស្អាត (ទឹកដាំពុះ) គេងត្រូវដាក់មុង និងប្រសិនបើមានជំងឺណាមួយកើតឡើង ត្រូវរួសរាន់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទទួលបានការពិគ្រោះ និងពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ ។ ឯកឧត្តម បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ឱ្យនាំយកថ្នាំពេទ្យ និងមុងជ្រលក់ថ្នាំ មកផ្តល់ជូនប្រជាពលរដ្ឋ បន្ថែមទៀត ដែលពួកគាត់កំពុងស្នាក់នៅលើទីទួលមានសុវត្ថិភាពនេះ។
បន្ទាប់មក ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានចុះទៅពិនិត្យទីតាំងដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ និងទីដែលបានជម្លៀសសត្វពាហនៈមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ផងដែរ ៕