សាលាសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១តុលា២០២៤ តទៅ !

0

ដោយ:ឡុង សំបូរ
ខេត្តស្ទឹងត្រែង:នាយកគ្រប់គ្រងសាលា “សហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ” លោក ឡុង លីប៉ូ បានប្រកាសជូនដំណឹងដល់ ឪពុកម្តាយ ឬ អាណាព្យាបាលសិស្សឱ្យបានជ្រាប អំពីការបើកដំណើរការបង្រៀនឡើងវិញ បន្ទាប់ពីបានបិទទ្វារមួយរយៈពេលខ្លីកន្លងមក។
“សាលាសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ” បានបើកបង្រៀនដល់កូនៗ ដែលជាសិស្សក្រីក្រ ជីវភាពឪពុកម្តាយមានការលំបាក គ្រួសារអតីតយុទ្ធជន និងកូនៗ ដែលខ្វះលទ្ធភាពចូលរៀននៅសាលាឯកជននានា ក្នុងខេត្តស្ទឹងត្រែង មានរយៈពេល ២៥ឆ្នាំមកហើយ ដោយឥតគិតប្រាក់កម្រៃ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអនក្ខរភាព (ភាពមិនចេះអក្សរ) នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ ពីលោកគ្រូ ឡុង លីប៉ូ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកគ្រូ ឡុង លីប៉ូ បានអំពាវនាវដល់មាតា បិតា ឬ អាណាព្យាបាលសិស្សទាំងអស់ ដែលមានបំណងចង់ឱ្យកូនៗ ចូលរៀន និងគ្រេបយកចំណេះដឹងទូទៅ ពិសេសភាសាខ្មែរ និងអង់គ្លេស សូមរួសរាន់នាំកូនៗ មកចុះឈ្មោះចូលរៀន ឱ្យបានគ្រប់ៗគ្នា ចាប់ពីពេលជូនដំណឹង២១កញ្ញា២០២៤ នេះតទៅ៕