(កំពង់ធំ)៖ ឯកឧត្តម ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសាលាវិស័យ និង លោកជំទាវ វ៉ន ម៉ាលាភ តំណាងដ៏ខ្ពង់ខ្ពស់លោកអ្នកឧកញ៉ាបណ្ឌិតទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានដឹកនាំក្រុមការងារដោយមានការចូលរួម ពីលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ ព្រមទាំងក្រុមការងារចុះជួយឃុំទាំងមូល បានចូលរួមដាក់បិណ្ឌវេនទី៤ នៅវត្តចំនួន៤ ក្នុងចំណោមវត្តទាំង៧ នៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ហេង សំណាង មានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នាជាមួយឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។ ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ញាតិដែលបានស្លា.ប់ទៅ។ នៅក្នុងរយៈពេល ១៤ ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជាក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤ មុខម្ហូប ។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។
ម្យ៉ាងទៀត ឯកឧត្តមមានប្រសាសន៍បន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិភាពនយោបាយ ដែលមានប្រមុខថ្នាក់ដឹកនាំ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យបងប្អូនមានឱកាសក្នុងការធ្វើបុណ្យទានតាមទំនៀមទម្លាប់ ប្រពៃណី ពីដូនតា ក្នុងឆ្នាំនេះឃើញពួកគាត់អញ្ជើញមកវត្ត ការស្លៀកពាក់របស់គាត់ រាល់ការបំពេញបុណ្យកុសលរបស់គាត់ឃើញថាមានការយល់ដឹងច្រើន។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏ដូចជាបន្តវេនដោយសម្ដេចធិបតី ជាពិសេសថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជាថ្នាក់ដឹកនាំ បានរៀបចំមានសណ្ដាប់ធ្នាប់ល្អ ពិសេសគឺពាក់ព័ន្ធនៅក្នុងទីវត្តអារាម គឺមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ញាតិញោមពុទ្ធបរិស័ទគាត់អញ្ជើញមកវត្តច្រើនកុះករ ហើយចូលរួមកសាងនូវសមិទ្ធផលនានា។
បញ្ជាក់ វត្តទាំងបួននេះទទួលបានទេយ្យទាន ក្នុងមួយវត្តដូចជា៖ អង្គរ៥០គីឡូ ១បាវ, ទឹកស៉ីអ៉ីវ០២យួរ, ទឹកត្រី០២យួរ, មីម៉ាម៉ា០២កេស, ទឹកបរិសុទ្ធ០២កេស, ស្លាដក់០២, ទឹកផ្លែឈើ០២កេស និងបច្ច័យកសាងចំនួន១៣៥០,០០០រៀល និងបានជូនបច្ច័យតាអាចារ្យ លោកយាយ លោកតា មួយចំនួនផងដែរ។ (អត្ថបទ និងរូបភាពដោយ ឆាត វ៉ិត)