កំពង់ឆ្នាំង៖បុរស៣នាក់ដែលបានស្ម័គ្រចិត្តស៊ីឈ្នួលពីមេខ្យល់ចូលប្រឡងភាសាកូរ៉េជំនួសគេចំនួន៣នាក់ត្រូវបានគណៈកម្មការប្រឡងភាសាកូរ៉េ មណ្ឌលសាលាបឋមសិក្សាគំរូក្រុងក្នុង ក្រុងកំពង់ឆ្នាំងស្រាវ ជ្រាវចាប់ខ្លួនបាន បញ្ជូនអោយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។
ករណីខាងលើនេះសមត្ថកិច្ចបានទទួលជនល្មើសទាំង៤នាក់ ពីគណៈកម្មការប្រឡងភាសាកូរ៉េ នៅម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៤។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ជនល្មើសស៊ីឈ្នួលមកប្រឡងជំនួសទាំង៣នាក់ដែលគណៈកម្មការប្រឡងភាសាកូរ៉េមណ្ឌលសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចនោះមាន ១ឈ្មោះ ទួន កុសល អាយុ២៩ឆ្នាំ រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ស៊ីឈ្នួលប្រឡងអោយឈ្មោះ រត្ន័ ចាន់ណេត តាមរយះមេខ្យល់ឈ្មោះស្រីគន្ធា នៅក្នុងខេត្តកំពង់ឆ្នាំង ដោយសន្យាអោយប្រាក់ចំនួន៥០០ដុល្លា, ២ឈ្មោះ ផួស វណ្ណា អាយុ៣០ឆ្នាំ រស់នៅទួលសង្កែ ខណ្ឌ័ឬស្សីកែវ ក្រុងភ្នំពេញ ស៊ីឈ្នួលប្រឡងអោយឈ្មោះ ឌុច ចាន់ថេត តាមរយះយាយម៉ៅ នៅទួលសង្កែ ក្រុងភ្នំពេញ ដោយសន្យាអោយប្រាក់ចំនួន១០០០ដុល្លា , ៣ឈ្មោះ ស៊ិន វិមានអាយុ៣២ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ័៧មករា ក្រុងភ្នំពេញ ស៊ីឈ្នួលប្រឡងជំនួសឈ្មោះ ឌុក រតថាតាមរយះមរខ្យល់ឈ្មោះ ឈឿន ម៉ៅ នៅទួលសង្កែ ក្រុងភ្នំពេញ ដោយសន្យាអោយប្រាក់ឈ្នួល ចំនួន៥០០ដុល្លា។
ជនសង្ស័យទាំង៣នាក់បានសារភាពនៅមុខសមត្ថកិច្ចថា៖ពួកគេទាំង៣នាក់ពិតជាមានស៊ីឈ្នួលពីមេខ្យល់ទាំង៣នាក់ខាងលើ ចូលប្រឡងជំនួសអ្នកទាំង៣ដែលមានឈ្មោះដូចខាងលើនេះមែន ប៉ុន្តែពួកគេមិនទាន់បានទទួលប្រាក់ថ្លៃឈ្នួលនោះនៅឡើយ ដោយពួកមេខ្យល់បានសន្យាថាពេលគេបន្លំចូលប្រឡងបានសំរេចទើបគេប្រគល់ប្រាក់អោយ។ពួកគេបានបញ្ជាក់អោយដឹងទៀតថា៖មុនពេលបន្លំខ្លួនចូលប្រឡង ពួកគេបានទទួលឯកសាររបស់សាម៉ីខ្លួនជាបេក្ខជនដែលមានឈ្មោះចូលប្រឡងដោយផ្ទាល់ដៃ។បន្ទាប់ពីបានប្រគល់ឯកសារប្រឡងរួចមក អ្នកមានឈ្មោះប្រឡងទាំង៣នាក់ខាងលើបានចេញទៅបាត់។ចំណែកពួកខ្លួនក៏បានបន្លំចូលប្រឡង តែដោយមានការត្រួតពិនិត្យយ៉ាងតឹងតែរបស់គណៈកម្មការប្រឡងនិងដោយរូបថតរបស់ពួកគេទាំង៣នាក់ខុសពីឯកសារនិងមានមុខខុសពីមុខអ្នកមានឈ្មោះប្រឡង ទើបត្រូវគណៈកម្មការប្រឡងចាប់ខ្លួនបាននៅម៉ោង៨និង០០នាទីព្រឹក និងបានប្រគល់ខ្កួនអោយសមត្ថកិច្ច។
លោកអធិការរងក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថា៖ជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានចោទប្រកាន់ពីបទ បន្លំឯកសារសាធារណៈបន្លំខ្លួនចូលប្រឡងភាសាកូរ៉េ និងត្រូវបានកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងឯកសារបន្ថែមរបស់មន្ត្រីជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ៕