រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះសួរសុខទុក្ខ នាំយកអំណោយ និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចុះសួរសុខទុក្ខ និង​បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់នាយទាហាន នាយ​ទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ នាឱកាសពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្ត​ស្ទឹងត្រែង ។

អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ទី​បញ្ជាការដ្ឋាន​យោធ​ភូមិ​ភាគ​ទី១ និងមន្ត្រីឧទ្យានុរក្ស ដែលប្រចាំការក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាពេលនោះ រួមមាន៖ អង្ករ មី ប្រេងឆា ទឹក​ស៊ីអ៊ីវ ទឹកត្រី ត្រីខកំប៉ុង ទឹកដោះគោខាប់ ស្ករស ប៊ីចេង អំបិល ឆៃប៉ូវប្រៃ ខ្ទឹមស ទឹកក្រូចចម្រុះ និង​ទឹកបរិ​សុទ្ធ ​ព្រម​ទាំងឧបត្ថម្ភ ជូនកងទ័ពនៃយោធភូមិភាគទី១ ជាថវិកាចំនួន ២៥លានរៀល និង​មាន​ការ​រួមចំណែកពី អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន អាន ម៉ារឌី គ្រុប ផ្ដល់ថវិកាជួស​ជុល​អគារ​ស្នាក់​នៅ​របស់កងទ័ព ១ខ្នង តម្លៃ២ពាន់ ៥០០ដុល្លារ ឃ្លាំងសម្ភារៈ ១ខ្នង តម្លៃ​ ២ពាន់ ៥០០​ដុល្លារ និងអាគុយកម្លាំង ១០០អំពែ  ២០ធុង ដែលសរុបទឹកប្រាក់អស់ ៦១លាន ៤សែន ៧០០០ដុល្លារអាមេរិក ដើម្បីរួមចំណែកក្នុងកិច្ចការពារជាតិ ​ប្រជាជន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។

លោកបណ្ឌិត អ៊ាង សុផល្លែត​ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរ​សុខ​ទុក្ខ​ ដល់​នាយ​ទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ទាំងអស់ ពីសំណាក់សម្តេច អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​​ នៃកម្ពុជា ដែលសម្តេចទាំងពីរ​បាន​យក​ចិត្ត​ទុក​ដាក់ខ្ពស់​បំផុត ​ចំពោះ​សុខ​ទុក្ខ និងគិតគូដល់សុខភាព និងជីវភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងឈរ​ជើង​នៅ​សមរភូមិមុខ និងក្រុមគ្រួសារទ័ពនៃយោធភូមិភាគទី១ ក៏ដូចនាយទាហាន នាយ​ទាហាន​រង និងពលទាហាន តាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា ដែលបានលះបង់អ្វីៗ​គ្រប់​បែប​យ៉ាង ​រួម​ទាំង​ជីវិត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដី៕​ដោយ៖ឡុង សំបូរ