រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារចូលរួមរំលែកទុក្ខ និងអភិបាលស្រុកចិត្របុរី បាននាំយកអំណោយសាខាកាកបាទក្រហម ឧបត្ថម្ភដល់ក្រុមគ្រួសារសព ៣រូប ដែលលិចទូកនៅកណ្តាលបឹងរាំង កាលពី៤ថ្ងៃមុន

0

ខេត្តក្រចេះ៖ អភិបាលស្រុកចិត្របុរី ខេត្តក្រចេះ លោក យ៉ិន វណ្ណៈ បានដឹកនាំក្រុមការងារថ្នាក់ស្រុក និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យមួយចំនួនរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងគ្រឿងឧបភោគ បរិភោគរបស់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចិត្របុរី ទៅផ្តល់ជូនក្រុមគ្រួសារសពទាំង ៣រូប ដែលបានជួបឧបទ្ទវហេតុភ្លៀងខ្យល់ខ្លាំង បណ្តាលឱ្យលិចទូកដឹកដំឡូងមី នៅកណ្តាលបឹងរាំង កាលពីរសៀលថ្ងៃទី២០កញ្ញា២០២៤ កន្លងទៅ។

អភិបាលស្រុកចិត្របុរី លោក យ៉ិន វណ្ណៈ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមនេះ ជាមួយក្រុមគ្រួសារសពទាំង ៣រូប ដែលលិចទូកដឹកដំឡូងមី ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងមនោសញ្ចេតនាសម្តែងការសោកស្តាយជាពន់ពេក ។

ស្របពេលជាមួយគ្នានោះ លោក យ៉ិន វណ្ណៈ ក៏បានប្រគល់សារចូលរួមរំលែកមរណទុក្ខ និងបច្ច័យរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ​ រួមទាំងគ្រឿងឧបភោគ បរិភោគរបស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកចិត្របុរី ជូនដល់ក្រុមគ្រួសារសពទាំង ៣រូប នៅថ្ងៃទី២២កញ្ញា២០២៤។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា​ បានមានប្រសាសន៍ថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ សូមសម្តែងនូវការសោកស្តាយ ជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣ រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុ នៃការលិចទូកកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈ​ដឹក​ដំឡូង​មីឆ្លងកាត់​ទន្លេឆ្ពោះទៅ​កាន់​ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។ តាមរយៈ លោក យ៉ិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី បានយកលិខិតរំលែកទុក្ខ និងបច្ច័យរបស់ខ្ញុំ ចូលរួមបន្ថែម ជូនក្រុមគ្រួសារសព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅ​វេលា​ម៉ោង១៤ ​និង​២០​នាទី​ ថ្ងៃ​ទី​២០ កញ្ញា ២០២៤ ជនរងគ្រោះចំនួន ​៥​នាក់ បានធ្វើ​ដំណើរ​លើ​ទូក​មួយ​គ្រឿង ដឹក​ដំឡូង​មី មក​ដល់​ចំណុច​បឹង​រាំង ស្ថិតក្នុងភូមិ​ខ្នង​ពស់ ឃុំ​ដារ ស្រុក​ចិត្ត​បុរី ក៏​បាន​ជួប​ប្រទះភ្លៀង និង​ខ្យល់​ខ្លាំង បង្កើត​ជា​រលក​ទឹកធំៗ វ៉ៃ​ទូក​ឲ្យ​លិចតែ​ម្តង។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជន​រង​គ្រោះក្នុង​ឧបទ្ទវហេតុ​ខាងលើ មាន​ចំនួន ​៥​នាក់ ខណៈ​មាន ​២​នាក់ រួច​ផុត​ជីវិត និង​បី​នាក់​ទៀត លិច​បាត់​ទៅ​ក្នុង​ទឹក បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្លាំងប្រដាប់អាវុធ លោក​អភិបាលស្រុក អភិបាលរងស្រុក បាន​រក​ឃើញ​សាកស​ព ចំនួន២​នាក់ នៅ​រសៀល​ថ្ងៃ​ដដែល លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១ កញ្ញា២០២៤ ទើប​រក​ឃើញ​សពម្នាក់​ទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំង ៣ រូបបានទៅកាន់សុគតិភពកុំបីខានឡើយ៕ដោយ៖ឡុង សំបូរ