មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដាក់បទបញ្ជាដល់កម្លាំងយោធាការពារព្រំដែន បន្តខិតខំពង្រឹងការយាមល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ឱ្យបានម៉ឹងម៉ាត់បំផុត

0

ខេត្តព្រះវិហារ៖ ការដាក់ចេញនូវបទបញ្ជារបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងនៅថ្ងៃទី២៣កញ្ញា២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំឆមាសទី១​ និងដាក់ចេញទិសដៅការងារយោធា ប្រចាំឆមាសទី២​ ឆ្នាំ២០២៤ ដែលមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ​-នាយផ្នែក​ មេបញ្ជាការ​គ្រប់បណ្ដាក្រុង​-ស្រុកទាំង​៨​ មេបញ្ជាការ​កងអនុសេនាធំ​ និងអង្គភាពចំណុះ ទីបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ បានផ្សព្វផ្សាយ​បទបញ្ជា​របស់ នាយឧត្ដមសេនីយ៍​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក​ ស្ដីអំពីការចុះ​បង្ក្រាប​ការពារទប់ស្កាត់ បទល្មើសកាប់ព្រៃឈើអភិរក្សរបស់រដ្ឋ យកដីមកធ្វើជាកម្មសិទ្ធល្មើសច្បាប់ និង​បទល្មើស​ផ្សេង​ៗទៀត​ តាមបទបញ្ជា​ដ៏ខ្ពង់ខ្ពស់​របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ នៅក្នុង​ភូមិ​សាស្ត្រ​ខេត្ដព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានដាក់បទបញ្ជាដល់បណ្តាកងឯកភាព ដែលឈរជើងនៅជាប់ខ្សែបន្ទាត់ព្រំដែន​កម្ពុជា-ថៃ និងកម្ពុជា-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារឱ្យបាននូវបូរណភាពទឹកដី និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសឆ្លងដែននានា​ ជាពិសេស​បញ្ហាបទល្មើស​គ្រឿង​ញៀនឆ្លងដែនខុសច្បាប់​។

ទន្ទឹមនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះបណ្តាអង្គភាពចំណុះសឹករងខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តបទបញ្ជា ថ្នាក់លើគ្រប់លំដាប់ថ្នាក់ លើការងារយោធា បូករួមទាំងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ និងការចូលរួមក្នុងកិច្ចការងារសង្គម នាពេលកន្លងមក បានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវជៀសវាងឱ្យឆ្ងាយពីការសេព ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ព្រោះត្បិតគ្រឿងញៀនវាបានបំផ្លាញអនាគតដ៏ល្អ របស់អស់លោក ប្រសិនបើយោធិនទាំងអស់ មានការពាក់ព័ន្ធនឹងគ្រឿងញៀន៕ដោយ៖ឡុង សំបូរ