លោកជំទាវ លំ គន្ធារី÷ កាផ្តល់កម្លាំងចិត្តដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ធំ ផ្ញើក្តីអាណិតស្រឡាញ់ និងអប់រំផ្លូវចិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ

0

(ខេត្តកំពង់ធំ)៖ លោកជំទាវ លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ធំ ផ្ញើក្តីអាណិតស្រឡាញ់ និងអប់រំផ្លូវចិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ នៅថ្ងៃទី១-២-៣ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធីចុះសួរសុខទុក្ខអ្នកជាប់ឃុំក្នុងពន្ធនាគារ ក៏មានការអញ្ជើញចូលរួម លោក អៀង សុភាព សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក កែវ ផល នាយកសាខា និងសហការី ចុះជួបសំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានកូនតូចតាមម្តាយ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ អ្នកពិការ  ជម្ងឺផ្លូវចិត្ត និងអ្នកគ្មានគ្រួសារមកសួរសុខទុក្ខសរុបចំនួន៤០នាក់ ស្រី២នាក់  នៅក្នុងពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

លោកជំទាវ លំ គន្ធារី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរ និងក្តីអាណិតស្រឡាញ់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនកូនក្មួយៗ ទាំងអស់ នៅពន្ធនាគារខេត្តកំពង់ធំ។ ការចុះសួរសុខទុក្ខនាថ្ងៃនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការអប់រំផ្លូវចិត្តរបស់បងប្អូនក្មួយៗ ទាំងអស់ជាពិសេសស្ត្រី និងកុមារ ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក៏មានកម្មវិធីស្តារទំនាក់ទំនងគ្រួសារ ដែលបាននិងកំពុងធ្វើការជាមួយមណ្ឌលអប់រំកែប្រែ ដើម្បីបញ្ជូនសារលិខិតឆ្លើយឆ្លងរវាងអ្នកជាប់ឃុំ ជាមួយសាច់ញាតិគ្រួសារផងដែរ។

លោកជំទាវ បានមានប្រសាសន៍ថា៖ នៅចំពោះមុខនេះ បងប្អូនក្មួយៗទាំងអស់ ត្រូវទទួលការផ្តន្ទាទោសទៅតាមច្បាប់ ដោយសារតែការប្រព្រឹត្តនូវអំពើខុសច្បាប់របស់បងប្អូន។ ក៏ប៉ុន្តែនៅទីនេះ បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំនិនជីវិត ដើម្បីអាចមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសេរីភាពឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាព។ បងប្អូនក្មួយៗ ក៏ត្រូវទទួលយកនូវការអប់រំផ្លូវចិត្តតាមផ្លូវព្រះធម៌ គឺការប្រព្រឹត្តនូវអំពើល្អ ទទួលបាននូវផលល្អ ការប្រព្រឹត្តអំពើមិនកុសល នឹងទទួលទោសទៅតាមនោះដែរ ដូច្នេះសូមយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវ សីល សមាធិ បញ្ញា ឱ្យបានគ្រប់ៗគ្នា។ នៅពន្ធនាគារខេត្តកំពង់ធំនេះ មាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង, ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ក្នុងនាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តកំពង់ធំ មន្ត្រីពន្ធនាគារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ការលើកទឹកចិត្ត និងអំណោយជូនដល់បងប្អូនជាប់ឃុំ ដល់ស្ត្រីមានកូនតូចតាមម្តាយ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ អ្នកពិការ  ជំងឺផ្លូវចិត្ត និងអ្នកគ្មានគ្រួសារមកសួរសុខទុក្ខ សរុបចំនួន ៤០នាក់ ស្រី២នាក់  នៅពន្ធនាគារខេត្តកំពង់ធំ ជាទីបញ្ចប់ លោកជំទាវ បានប្រគល់ជូន អំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដល់ស្ត្រីមានកូនតូចតាមម្តាយ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ អ្នកពិការ  ជំងឺផ្លូវចិត្ត និងអ្នកគ្មានគ្រួសារមកសួរសុខទុក្ខ។

លោកជំទាវ លំ គន្ធារី បានប្រគល់អំណោយជូនដល់បងប្អូនជាប់ឃុំ ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្នុង១នាក់ទទួលបាន÷ អង្ករ ២៥គីឡូក្រាម,មី១កេស, សារុង១, ក្រម៉ា១, ភួយ១, មុង១, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីវ១យួរ, និងថវិកា ៤ម៉ឺនរៀល។ ក្នុងនោះដែរបានឧត្តម្ភដល់អង្គភាពពន្ធនាគារមាន៖ អង្ករចំនួន១០០គីឡូក្រាម,ទឹកត្រី៤យួរ,ទឹកស៊ីវ៤យួរ,ត្រីខ៤យួរ និងថវិកាចំនួន ១,០០០,០០០រៀល។ អត្ថបទ វេហាស៍