សហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើននៅអាមេរិកគ្រោងសិក្សាពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា

0

សាន់ហ្វ្រាន់ស៊ីស្កូ៖ កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីរដ្ឋបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Chris Larsen បុគ្គលលេចធ្លោក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន ព្រមទាំងលោកស្រី Lyna Lam ជាភរិយា ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាសប្បុរសជនចិត្តធម៌មានដើមកំណើតខ្មែរ សញ្ជាតិអាម៉េរិកាំង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

ក្នុងនាមជាម្ចាស់ផ្ទះ លោក Chris Larsen និង លោកស្រី Lyna Lam បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ ចំពោះដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហរដ្ឋអាម៉េរិក នាឱកាសនេះ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះ លោក និងលោកស្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក មកជួបសំណេះសំណាល និងជជែកពិភាក្សាអំពី បច្ចុប្បន្នភាពនៃកម្ពុជាជុំវិញការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញវិនិយោគពីវិស័យឯកជន។

មានប្រសាសន៍នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ លោកស្រី Lyna Lam ក្នុងនាមជាជនរួមជាតិតែមួយ សូមលោកស្រីបន្តជួយបញ្ជ្រាបអំពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិយើងទៅកាន់សហគមន៍ ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់បណ្តាញធុរកិច្ចរបស់លោកស្រី និងស្វាមី ទាំងក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏ដូចជាក្នុងសហរដ្ឋអាម៉េរិកទាំងមូល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការអញ្ជើញ លោក Chris Larsen និងលោកស្រី Lyna Lam ដោយរំពឹងថាលោក និងលោកស្រី នឹងឆ្លៀតពេលវេលាដ៏មមាញឹក ធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីបានសិក្សាស្វែងយល់បន្ថែមដោយផ្ទាល់ទៅលើទិដ្ឋភាពទូទៅនៃសង្គម ស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងសក្តានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិចារណា ពិនិត្យលទ្ធភាពក្នុងការសម្រេចចិត្តបោះទុនវិនិយោគនាពេលអនាគត ជាពិសេសក្នុង វិស័យឧស្សាហកម្មបច្ចេវិទ្យា ដែលរូបលោក Chris ផ្ទាល់ ជាបុគ្គលលេចធ្លោ ប្រកបដោយជំនាញ និងបទពិសោធន៍ឈានមុខក្នុងវិស័យនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈជំនួបនេះ និងទស្សនកិច្ចដែលនឹងអាចកើតមាននៅពេលខាងមុខ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាម៉េរិក កាន់តែមានភាពល្អប្រសើរឡើង ហើយចំនួនវិនិយោគិនអាម៉េរិកនៅកម្ពុជា ក៏នឹងមានការកើនឡើងថែមមួយកម្រិតទៀតផងដែរ៕