ខេត្តព្រះវិហារ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច ឯកឧត្តម ឯក ចន្ថា បានដឹកនាំគណៈប្រតិភូក្រសួង នាំយកអំណោយរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥កញ្ញា២០២៤ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
នៅក្នុងដំណើរចុះសួរសុខទុក្ខ និងការនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ប្រចាំព្រំដែនកម្ពុជា-ថៃ នាគ្រានោះ ឯកឧត្ដម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែកជូននាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយ នាយរងនគរបាល និងពលនគរបាលជាតិ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អំណោយដែលកងកម្លាំងទទួលបាននាពេលនោះ រួមមាន៖ គ្រឿងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងក្នុងកងកម្លាំងម្នាក់ ទទួលបានថវិកា ៥ម៉ឺនរៀល និងអង្គភាពនីមួយៗ ទួលបានថវិកា ២លានរៀល ថវិកាដែលត្រូវចំណាយសរុប អស់ប្រមាណ ២១២ លានរៀល។
ឯកឧត្តម ឯក ចន្ថា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ដោយបានលះបង់កម្លាំងកាយ ចិត្ដ ពុះពារការលំបាក ក្នុងការខិតខំបំពេញភារកិច្ច ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តម ឯក ចន្ថា បានបន្តថា នៅក្នុងទស្សនវិស័យ នៃសិល្បៈការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីអភិវឌ្ឍន៍ កសាងសង្គមជាតិ ស្របតាមគោលការណ៍កំណែទំរង់របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ ដែលបានដាក់ចេញនូវគោលនយោបាយ ព្រមទាំងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ក្នុងទិសដៅ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព រវាងកងទ័ព និងស្ថាប័នអង្គភាពស៊ីវិល ឱ្យកាន់តែជិតសិ្នទ្ធ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ឱ្យកាន់តែប្រសើរឡើងថែមទៀត៕ដោយ៖ឡុង សំបូរ