ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី​ បានថ្លែងថា​ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច

0

កំពង់ចាម​:​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ បានថ្លែងថា​ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច​ ដែលមិនត្រឹមតែកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹងដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការចូលរួម និងជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ថ្លែងបែបនេះក្នុងឱកាសបិទអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ នៅខេត្តកំពង់ចាម​ ក្រោមវត្តមាន​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានបញ្ជាក់ថា​ ការផ្លាស់ប្តូរ ឬកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ពីរចនាសម្ព័ន្ធបែបមុខងារ (Functional Structure) មករចនាសម្ព័ន្ធបែបប្រតិបត្តិការ (Operational Structure) តាមរយៈការបំពេញការងារក្នុងក្របខណ្ឌជាគម្រោង ដោយបង្កើតជាក្រុមការងារផ្សេងៗ សម្រាប់បំពេញបេសកកម្ម ដើម្បីសម្រេចឱ្យបាននូវសូចនាករសមិទ្ធកម្មដែលមានកំណត់នៅក្នុងផែនការសកម្មភាព កម្មវិធី ឬអនុកម្មវិធីរបស់អង្គភាព និងក្រសួងស្ថាប័ន​ផងដែរ​ ។
ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានធ្វើការកោតសរសើរដល់ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអ្នកពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាពេញ​ ១ថ្ងៃនេះ ប្រកបដោយបរិយាកាសរីករាយ និងទទួលបានភាពជោគជ័យ។
ជាមួយគ្នានោះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សមាជិក​ សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលបានចូលរួមស្តាប់ និងផ្តល់យោបល់ ព្រមទាំងចែករំលែកនូវបទពិសោធ និងចំណេះដឹង ដើម្បីរួមចំណែកក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងវិស័យអប់រំ ឱ្យកាន់តែល្អ មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងរក្សានូវលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សម្រាប់បម្រើការងារដែលមានគុណវុឌ្ឍិ និងសមត្ថភាពជំនាញខ្ពស់ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ដោយបានលើកឡើងថា “រើសឱ្យចំ​ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ឆ្លងកាត់ការធ្វើបទបង្ហាញរបស់វាគ្មិនតំណាងក្រសួង ស្ថាប័ន ជាពិសេសតាមរយៈវេទិកាសំណួរ និងចម្លើយ បានផ្តល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដើម្បីយកមករៀបចំកែសម្រួល និងដាក់បញ្ចូលក្នុងសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួម នៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យមានភាពគ្រប់ជ្រុងជ្រោយស្របតាមបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីគាំទ្រ ដល់ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងវិស័យអប់រំឱ្យមានប្រសិទ្ធភាពខ្ពស់ឆ្លើយ តបនឹងសេចក្តីត្រូវការនៃការងារ និងការផ្តល់សេវាអប់រំ​ផងដែរ​ ៕