កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការជួយលើកកម្ពស់អភិបាលកិច្ចល្អការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ច

0

ខេត្តកំពត: នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តកំពត បានរៀបចំវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង  ដោយមានការចូលរួមពីក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្តទាំង២៥ និងមមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ក្នុងខេត្ត។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តាមការអនុវត្តកន្លងមក កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការបានជួយកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍ នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់នេះ បានរួមចំណែក ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅតាមមូលដ្ឋាន  ដែលបានចូលរួមចំណែក ដល់ការលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ទោះកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ មានការវិវឌ្ឍទៅមុខជាលំដាប់ស្របតាមដំណាក់កាលនីមួយៗដូចបានកំណត់នៅក្នុងកម្មវិធីជាតិ  រួមជាមួយនឹងការបង្កើតបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក៏ពិតមែន  ប៉ុន្តែបច្ចុប្បន្នកំណែទម្រង់នេះបាននិងកំពុងឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងកាន់តែសាំញាំទាំងក្នុងកិច្ចការនយោបាយ និងផ្នែកបច្ចេកទេស ដែលទាមទារឱ្យមានកិច្ចសហការ ការចូលរួម និងការគាំទ្រឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបន្តអនុវត្តកិច្ចដំណើរការកំណែទម្រង់ក្នុងដំណាក់កាលទី២ នៃកម្មវិធីជាតិ ដើម្បីធានាឱ្យប្រព័ន្ធគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព  ឆ្លើយតបនឹងតម្រូវការ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងកាន់តែមានគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបន្ថែមទៀត ឱ្យរឹងរឹតកាន់តែល្អប្រសើរ។

គួររំលឹកថាវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដើម្បីសិក្សាអំពីធាតុចូលផ្សេងៗក្នុងការអនុវត្តកន្លងមក និងដាក់ចេញនូវវិធានការ ដំណោះស្រាយបន្ថែម និងការធ្វើកំណែទម្រង់ក្នុងដំណាក់កាលទី២ នៃកម្មវិធីជាតិឲ្យកាន់តែប្រសើរឡើងថែមទៀត៕ សេង ណារិទ្ធ