រដ្ឋបាលស្រុកស្ទោង អញ្ជើញកាន់បិណ្ឌវេនទី៩ជាមួយពុទ្ធបរិស័ទនៅវត្តឃ្លាំងខ្មូត

0

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង សមាជិក សមាជិកា ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៩ ជាមួយញាតិញោមពុទ្ធបរិស័ទ ព្រះសង្ឃអាចារ្យគណៈកម្មការនៅវត្តឃ្លាំងខ្មូតស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ទាំងនេះសឱ្យឃើញពីការរួបរួមសាមគ្គី រវាងថ្នាក់ដឹកនាំស្រុកស្ទោងជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងព្រះសង្ឃលោកអាចារ្យគណៈកម្មការ ជាពិសេសព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុកស្ទោង និងជាព្រះចៅអធិការវត្តឃ្លាំងខ្មូត ដែលព្រះអង្គតែងតែគិតគូរយកព្រះទ័យទុកដាក់សហការព្រមទាំងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ និងបច្ច័យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋក្រីក្រ ឬជួបឧប្បទ្ទហេតុផ្សេងៗនៅក្នុងមូលដ្ឋាន។

លើសពីនេះ អត្ថន័យបុណ្យកាន់បុណ្យភ្ជុំបិណ្ឌ លើសពីការសន្សំបុញ្ញនិធិ សម្រាប់ខ្លួនឯងនិងបុព្វការីជន សម្រាប់ជាតិនេះនិងអនាគតជាតិ គឺជាការផ្សារភ្ជាប់រវាងអាជ្ញាធរមូលដ្ឋានពុទ្ធចក្រនិងអាណាចក្រក៏ដូចជាការរួបរួមសាមគ្គីរវាងពុទ្ធបរិស័ទប្រជាពលរដ្ឋចំណុះជើងវត្ត ជិតឆ្ងាយ គ្រប់មូលដ្ឋានផងដែរ។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុកស្ទោង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ទំនុកបម្រុងព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទចំណុះជើងវត្តជាពិសេសបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាសាលារៀន ស្ពាន ថ្នល់ ជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍន៍មូលដ្ឋានផងដែរ។

សូមបញ្ជាក់ថានេះជាវេនបិណ្ឌទី៥ ដែលរដ្ឋបាលស្រុកបានចូលរួមជាមួយពុទ្ធបរិស័ទក្នុងមូលដ្ឋាន ហើយក្នុងឱកាសនេះក៏មានការចែកទានដល់លោកតា លោក យាយ ពុទ្ធបរិស័ទទាំងអស់ដែលអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌព្រឹកនេះផងដែរ ៕អត្ថបទ វេហាស៍