ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះមូលដ្ឋានស្រុកឆែប នាំយកបច្ច័យជិត ៥លានរៀន ទេយ្យទាន និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំអស់ត្រីមាសក្នុងពុទ្ធសីមា ក្នុងថ្ងៃកាន់បិណ្ឌវេន៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅវត្តសុវណ្ណគិរី

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកឆែប លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា និងភរិយា បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកបច្ច័យ ៤លាន ៥សែន ៧ម៉ឺន ៥ពាន់រៀល ទេយ្យទាន និងទេយ្យវត្ថុ ដែលបានមកពីការបរិច្ចាគរួមគ្នា របស់ក្រុមការងារ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដើម្បីយកទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចាំអស់ត្រីមាសក្នុងពុទ្ធសីមា នាឱកាសកាន់បិណ្ឌវេន៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅវត្តសុវណ្ណគិរី (វត្តឆែប) នាថ្ងៃទី២៥កញ្ញា២០២៤ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃកាន់វេនបិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងនាមក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប បានកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគិរី ហៅវត្តឆែបនេះ ដើម្បីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

លោកឧត្ដមសេនីយ៍ទោ មេបញ្ជាការ បានបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែ បានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ លើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ  និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានប្រសើរឡើង ដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាព ធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យទានផ្សេងៗ សមតាមបំណងចិត្ត។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នា តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ដូច្នេះហើយប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតក កេរដំណែលវប្បធម៌របស់ដូនតាខ្មែរយើង ឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយៗទៀត ឱ្យចេះធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ និងភរិយា រួមទាំងក្រុមការងារ បានប្រគេនបច្ច័យកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត សុវណ្ណគិរី ចំនួន ៤លាន ៥សែន ៧ម៉ឺន ៥ពាន់រៀល ទេយ្យទាន ១៧ទេយ្យទាន និងទេយ្យវត្ថុ រួមមាន៖ អង្ករ ៣បេ ទឹកបរិសុទ្ធ ៤កេស មី ៥កេស ត្រីខកំប៉ុង ៥យួរ ទឹកក្រូច ៤កេស និងទឹកត្រី​ ៥យួរ​ ផងដែរ៕ ដោយ៖ឡុង សំបូរ