ខេត្តកែប: សំណង់ដែលសង់រំលោភចូលមាត់សមុទ្រ និងព្រែក ស្ថិតក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានអាជ្ញារធរក្នុងតំបន់ ចាត់វិធានការដ៏ក្តៅគគុក គិរុះរើចេញ ក្រោមបញ្ជារបស់ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ការរុះរើសំណង់ជាច្រើន ដែលរំលោភចូលដីសាធារណ:របស់រដ្ឋនេះ ស្ថិតតាមបណ្តោយមាត់សមុទ្រ ចំណុចស្រែយុល ក្នុងភូមិសាស្ត្រ ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមនៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងការពារព្រំដែនទឹកវរៈ៤៣០ប្រចាំខេត្តកែប រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងនោះកម្លាំងចម្រុះ បានចុះទៅដល់ទីតាំងទី១ ដោយម្ចាស់ទីតាំងយកគ្រឿងចក្រមករុះរើដោយខ្លួនឯង ហើយបានស្ទូចយកខ្ចុះឈើចេញចំនួន០២ខ្នង និងបន្តរុះរើថែមទៀត។ ជាមួយគ្នានោះ ទីតាំងទី២ បានរុះរើសំណង់ផ្ទះឈើ១ខ្នង បាំងជញ្ជាំងក្តា ទំហំ(3mx4m) កម្ពស់២ជាន់ ដែលបានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតចូលក្នុងទឹកព្រែកពីសំណាក់ជនឆ្លៀតឱកាស និងមិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអូរកញ្ឆែត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយក្រុមការងារ បានរុះរើសម្ភារ:ឈើ និងកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង។
បើតាមការបញ្ជាក់ពីលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ប្រតិបត្តិការនេះនឹងបន្តដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតអោយមានការទន្ទ្រានយកដីសាធារណៈមកធ្វើជាកម្មសិទ្ធឯកជនបានឡើយ៕ សេង ណារិទ្ធ