កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់អភិបាលស្រុកស្ទឹងត្រង់ ទើបចូលកាន់តំណែង ត្រូវដឹកនាំមន្ត្រីគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ ឲ្យខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានជាទីគាប់ប្រសើរឡើង ក្រៅពីនោះត្រូវដឹកនាំតាមបែបសិល្បៈឲ្យមន្ត្រីក្រោមឱវាទចេះធ្វើការ ទាំងមានធនធានសម្រាប់ការងារ និងឲ្យមន្ត្រីចេះសម្រេចចិត្តអារកាត់ផងដែរ ។ ការថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំងលោក បាន ស្រេង ជាអភិបាលស្រុកស្ទឹងត្រង់ ជំនួសលោក ទុន ណេត ដែលត្រូវទទួលភារកិច្ចថ្មី នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលាស្រុកស្ទឹងត្រង់ទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះលោកអភិបាលស្រុកស្ទឹងត្រង់ ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ បម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះមុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ ៕