កំពង់ឆ្នាំង៖នារីម្នាក់ត្រូវបានសង្សារបស់ខ្លួនបោកអោយនៅឈរចាំតូបលក់មាស ដោយគេបានយកជញ្ជៀនទំងន់៥ជី ទៅបាត់ ហើយត្រូវបានម្ចាស់តូបលក់មាសប្ដឹងសមត្ថកិច្ចស្រុកកំពង់ត្រឡាចឱ្យឃាត់ខ្លួននាង។កាឃាត់ខ្លួននេះបានធ្វើ ឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ នៅផ្សារសាលា
លេខ៥ ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖នារីដែលត្រូវសង្សាបោកនេះមានឈ្មោះ ហេង ធីតា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងខេត្ដកំពត តែបានមកស្នាក់នៅធ្វើនារីម៉ាស្សានៅ ជិតផ្សារឧដុង្គក្នុងស្រុកឧដុង្គខេត្ដកំពង់ស្ពឺ ។
នៅចំពោះមុខសមត្ថកិច្ចនារីដែលបានឃាត់ខ្លួនរូបនេះបានឱ្យដឹងថា៖នាងទើបនឹងបានស្គាល់បុរសជាសង្សារនេះរយះពេលជាង១ខែតែប៉ុណ្ណោះ គឺពេលដែលបុរសរូបនោះបានចូលទៅ ម៉ាស្សានៅក្នុងហាងរបស់នាង ហើយនៅថ្ងៃកើតហេតុបុរសជាសង្សារបានទូរស័ព្ទ ប្រាប់នាងថា គេទើបនិងលក់ដីបានប្រាក់ជាង ៨ម៉ឺនដុល្លារហើយប្រាប់ឱ្យនាងមកលេងផ្សារសាលាលេខ៥ ដើម្បីគេទិញខ្សែកឱ្យនាង១ខ្សែ ។
ពេលនោះនាងបានជិះម៉ូតូឌុបតាមការណាត់របស់គេ ពេលដែលជួបសង្សារហើយគេក៏ហៅទៅកន្លែងតូបលក់មាសពេលទៅដល់ឱ្យគេបាននាងរើសយកខ្សែកហើយបុរសជាសង្សារក៏រើសយកចិញ្ចៀនមាស១វង់ ទម្ងន់៥ជី ពេលរើសបានគេក៏ពាក់ចិញ្ចៀនសាកមើលលើម្រាមដៃរបស់គេ ហើយបានប្រាប់នារីជាសង្សាថា ទុកកាបូបនេះអោយផង គេភ្លេចកាបូបលុយដែលមានលុយជាង៨លានរៀលនៅខាងក្រៅ តែក្នុងកាបូបនេះក៏មានលុយច្រើនដែរទុកឱ្យស្រួលបួល ពេលនោះសង្សារ របស់នាងបានចេញទៅបាត់គឺបាត់រហូត ដោយមិនឃើញ
ត្រឡប់មកវិញ ម្ចាស់តូបលក់មាសក៏សង្ស័យរួចក៏បានប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួននារីរូបនេះតែម្ដង បន្ទាប់ពីឃាត់ខ្លួននារីរូបនេះនិងបានសួរនាំរួចនាងបានប្រាប់ថា នាងគឺចាញ់បោកគេហើយ ។ ក្នុងករណីនេះសមត្ថកិច្ចសង្ស័យថា៖វាជាការសមគំនិតគ្នា ដើម្បីបោកប្រាស់អ្នកលក់ មាស មិនមែនជាការបោកប្រាស់អីនោះទេ ហើយភ្លាមៗនោះសមត្ថកិច្ចក៏ឃាត់ខ្លួនស្ដ្រីរូបនេះ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕