ប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍អំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សនិងមហាជនទូទៅជួយគាំទ្រសាលាដើម្បីឲ្យមានរីកចម្រើនទៅមុខទៀត

0

ខេត្តសៀមរាបៈ នៅក្នុងពិធីចែករង្វាន់ជូនសិស្សានុសិស្សដែលបានរៀនសូត្រពូកែនិងមានស្នាដៃល្អក្នុងឆ្នាំសិក្សា២០២៣.២០២៤ ដែលមានចំនួន៨៦០នាក់នៅសាលាបឋមសិក្សាវត្តរាជបូណ៍ក្នុងក្រុងសៀមរាបនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យនិងជាប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍បានមានប្រសាសន៍ថាកន្លងទៅសាលាបឋមសិក្សាវត្តរាជបូណ៍គឺតែងតែទទួលបានភាពល្បាញល្បី និងការគាំទ្រទូទាំងប្រទេស លើរបៀបវិន័យរបស់សិស្សានុសិស្ស រួមទាំងប្រព័ន្ធអប់រំ ដែលសាលាបានអនុវត្ត ប្រកបដោយគុណភាព ពីសំណាក់គ្រូបង្រៀន ទៅកាន់សិស្សានុសិស្ស ដោយមានទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សជានិច្ច ។ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ជំរុញ និង អំពាវនាវឱ្យមានការចូលរួមរបស់មាតាបិតាអាណាព្យាបាលសិស្សនិងមហាជនជួយគាំទ្រសាលាដើម្បីឲ្យមានរីកចម្រើនទៅមុខទៀត ហើយ ការចូលរួមពីអាណាព្យាបាលសិស្សនិងមហាជនទូទៅក្នុងការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំដែល ជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាផងដែរ ។ ឧកញ៉ាបណ្ឌិត ប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍ បានមានប្រសាសន៍បន្តថា ការផ្តល់រង្វាន់ដល់សិស្សពូកែគឺជាការលើក ទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ។ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ធ្វើការសំណូមពរដល់មាតាបិតានិងអ្នកអាណាព្យាបាលសិស្សទាំងអស់សូមយកចិត្តទុកដាក់ខិតខំជំរុញកូនឲ្យមករៀនបានទៀងទាត់និងជួយជំរុញកូនរៀននៅផ្ទះជាប្រចាំហើយអាណាព្យាបាលសិស្សត្រូវមានទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់កូនៗ ក្នុងការជម្រុញឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យបានទៀងទាត់។ក្នុងនាមគណកម្មការសាលា ឧកញ៉ា បណ្ឌិត ហ៊ុយភៀវ ក៍បានមានប្រសាសន៍ផ្ទាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមរៀនសូត្រដោយស្មារតីភ្ញាក់រឭកបង្កើនការស្វ័យសិក្សាដោយខ្លួនឯងត្រូវគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងសាលាជាប្រចាំ មានសាមគ្គីភាពល្អ រវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានធុរៈ .ត្រូវមានសុជីវធម៌ល្អ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ជួយធ្វើការឪពុក ហើយយនៅផ្ទះ មិនពាលា មិនភ្លើតភ្លើន មិនដើរលេងឥតប្រយោជន៍ ត្រូវចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន៕