ប្រទេសអ៊ុយក្រែនចាប់ផ្តើមកាលពីថ្ងៃទី ២៦ តុលា នូវការបោះឆ្នោតសភាមុនកាលកំណត់ ដែលក្នុងការបោះឆ្នោតនេះត្រូវបានគេមើលឃើញថា ជ័យជម្នះនឹងធ្លាក់លើពួកអ្នកស្និទ្ធលោកខាងលិច ។
ការបោះឆ្នោតនេះ គឺសំខាន់ដើម្បីនាំមកនូវសន្តិភាពឡើងវិញក្នុងតំបន់ភាគខាងកើត ប្រទេស ហើយក៏សំខាន់ដែរក្នុងការឆ្ពោះទៅរកអឺរុ៉បខាងលិចរបស់អតីត សាធារណរដ្ឋសូវៀតនេះ ។
បណ្តាការិយាល័យបោះឆ្នោតត្រូវបានបើកនាវេលា ម៉ោង៦ ម៉ោងសាកល ហើយបិទនាវេលាម៉ោង១៨ ម៉ោងសាកល ។ ការបោះឆ្នោតសភាមុនកាលកំណត់នេះត្រូវបានកំណត់ឱ្យធ្វើដោយ ប្រធានាធិបតីលោកប៉េត្រូប៉ូរូ៉ ឆេនកូ ស្និទ្ធលោកខាងលិច ។ ការបោះឆ្នោតនោះប្រព្រឹត្តទៅ ខណៈកើតមានជម្លោះរវាងកងទ័ពអ៊ុយក្រែន និងពួកបំបែកខ្លួននិយមស្និទ្ធរុស្ស៊ីក្នុងតំបន់រ៉ែ
DONBASS ដែលបើតាម អ.ស.ប ថា ជម្លោះនេះបណ្តាលឱ្យមនុស្សស្លាប់ជាង៣.៧០០នាក់ហើយចាប់តាំងពីខែមេសា មក ហើយបង្ខំមនុស្សជាង៨០០.០០០នាក់ឱ្យរត់ភៀសខ្លួន ។ អ្នកបោះឆ្នោតប្រមាណជា៥លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតសរុប៣៦លាន នាក់ក្នុងប្រទេស ពុំអាចចូលរួមបោះឆ្នោតនាថ្ងៃទី២៦ តុលា នោះបាន ពិសេសនៅតំបន់គ្រីមេដែលបញ្ចូលក្នុងដែនដីរុស្ស៊ីកាលពីខែមីនា និងក្នុងបណ្តាតំបន់ត្រួតត្រាដោយពួកបំបែកខ្លួននិយមនាភាគខាងកើត ប្រទេស ។ ដូច្នេះកៅអីសភា២៧ នឹងត្រូវនៅទំនេរ ។
យោងតាមការស្ទាបស្ទង់មតិនានាថា ពួកអ្នកគាំទ្រលោកប៉ូរ៉ូឆេនកូ នឹងអាចទទួលបានសំឡេង៣០% ។ លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះអាចដឹងនាយប់ថ្ងៃទី២៦ តុលា នេះ ។
សភាអ៊ុយក្រែនថ្មីនឹងត្រូវអនុម័តការកែទម្រង់ សំខាន់នានា ដើម្បីឱ្យអ៊ុយក្រែនអាចចាកផុតពីការបាក់ស្រុតយ៉ាងខ្លាំងនៃ សេដ្ឋកិច្ច ដែលកាន់តែធ្វើឱ្យធ្ងន់ធ្ងរថែមទៀតដោយសារជម្លោះនៅភាគខាងកើតប្រទេស ៕