អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ​ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់  

0

កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយ ឯកឧត្ដមអភិបាលរងខេត្ត និងសហការីជាច្រើននាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ។

នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នាប៉ុន្មានថ្ងៃនេះ ទឹកជំនន់ទន្លេមេគង្គ បានហក់ឡើងកម្ពស់ ១៤.៣០ម៉ែត្រ បណ្ដាលឲ្យប៉ះពាល់ ដល់ស្រុក នៃខេត្តកំពង់ចាម ចំនួន ៥ នៅតាមបណ្ដោយដងទន្លេមេគង្គ គឺ ៖ ស្រុកស្ទឹងត្រង់ កំពង់សៀម កសងមាស កោះសូទិន និងស្រុកស្រីសន្ធរ ។ ទោះយ៉ាងណា មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកបន្តិចហើយក្ដី ឯកឧត្ដមអភិបាលខេត្ត បានដាក់វិធានការដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឲ្យបន្តការយកចិត្តទុកដាក់ខ្ពស់ ៖ ទី១.តាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ។ ទី២.អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសិក្សាលម្អិតទៅលើផលប៉ះពាល់ និងទំហំ នៃការខូចខាតនានា ដើម្បី រាយការណ៍ជូនថ្នាក់ដឹកនាំ ។ និងទី៣.ត្រូវធ្វើរបាយការណ៍ នៃទំហំខូចខាត នៅតាមបណ្ដាស្រុក ដែលទទួលរងផលប៉ះពាល់ ឲ្យបានលឿនបំផុត ដើម្បី ស្នើសុំជួយអន្តរាគមន៍ពី ប្រមុខរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងមហាផ្ទៃ ផងដែរ ។
សូមជម្រាបដែរថា នាឱកាសដែល ឯកឧត្ដម អភិបាលខេត្តកំពង់ចាម និងសហការី អមដំណើរ ចុះបំពេញបេសកកម្ម នៅក្នុងភូមិសាស្ត្រស្រុកទាំង២ ខាងលើនេះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញជួប និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ចែកជូនពលរដ្ឋ ១គ្រួសារ រស់នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ដែលទទួលរងគ្រោះ ដោយសារទឹកហូរ បណ្ដាលឲ្យរលើងផ្ទះ ហូរតាមទឹក ។ ជាមួយនោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បន្តដំណើរ ចុះពិនិត្យ ដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ ស្ថិតនៅភូមិត្នោតទន្សាយ និងអញ្ជើញសំណេះសំណាល ចែកអំណោយកាកបាទក្រហម ជូនប្រជាពលរដ្ឋ ចំនួន ០៦គ្រួសារ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅអូរប្រាំ នៃឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ដោយឡែក ដើម្បី ស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឯកឧត្ដម អភិបាលខេត្ត និងសហការី អមដំណើរ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកលិចផ្ទះ របស់ប្រជាពលរដ្ឋ នៅភូមិព្រែកសង្កែ និងបន្តដំណើរពិនិត្យមើលស្រូវលិចទឹក ស្ថិតនៅភូមិដីលើ ក្នុងឃុំពាមកោះស្នា នៃស្រុកស្ទឹងត្រង់ ផងដែរ ៕