កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៦គ្រួសារ រស់នៅឃុំព្រែកកក់ និងឃុំដងក្តារ ក្នុងស្រុកស្ទឹងត្រង់ ។


ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ក្នុងរដូវវស្សានេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាលទាំង ៦គ្រួសារនោះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១០កំប៉ុង -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ- ឃីត ១សម្រាប់ និង ថវិកា ១០០,០០០ រៀល ៕