ឯកឧត្ត ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកងទ័ព ដាំដើមឈើនៅខេត្តកំពង់ធំ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដាំកូនឈើប្រណិតស្ដារព្រៃឈើឡើងវិញ នៅតំបន់អូតាកាវ ក្នុងភូមិសាស្ត្រព្រៃអង់តែន ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការដឹកនាំណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។​ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១២៥នាក់ បានចូលរួមក្នុងការដាំស្ដារព្រៃឈើឡើងវិញ លើគម្រោងផែនការត្រូវដាំចំនួនជាង៣ ម៉ឺនដើម នៅលើផ្ទៃដីជាង៥០ហិកតា នៅតំបន់អូតាកាវ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក នៅពេលនេះ ។

ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានអនុញ្ញាតឱ្យកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមដាំដើមឈើនៅពេលនេះ និងសូមអរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ ដឹកនាំ​កងកម្លាំង​ក្នុងការដាំស្ដារព្រៃឈើឡើងវិញ ដែលកន្លងទៅរងការបាត់បង់ដោយក្រុមជនល្មើសលួចកាប់បំផ្លាញទន្ទ្រានយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ ។ ហើយបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋគ្រប់រូប រួមគ្នាថែរក្សាសម្បត្តិធម្មជាតិរបស់យើង ឲ្យនៅគង់វង្ស ដើម្បីទុកឱ្យកូនចៅរបស់យើងនៅជំនាន់ក្រោយៗតទៅទៀត។ អត្ថបទ វេហាស៍