រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ 

0

(កំពង់ធំ)÷ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នួនផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចាត់ឱ្យឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ ដឹកនាំក្រុមការងារចាំទទួលបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅភោជនីយដ្ឋានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងថាយោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ។ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល០៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ ជិះមិនបង់ប្រាក់ ដោយប្រើប្រាស់រថយន្តក្រុងចំនួន៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណ២៥ ខេត្ត/ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកំពង់ធំ ស្នើឱ្យអ្នកបើកបរ និងអ្នកធ្វើដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា រថយន្តក្រុងចំនួន៦៥៣គ្រឿង បម្រើសេវាដឹកជញ្ជូនសាធារណ២៥ខេត្ត/ក្រុង សម្រាប់ការធ្វើដំណើរពីរាជធានីភ្នំពេញ មកខេត្តកំពង់ធំមានរថយន្តចំនួន១៥គ្រឿង មានទីតាំងនៅភោជនីយដ្ឋានស្ទឹងសែន។