អគ្គស្នងការនគរបាលជាតិ បានណែនាំដល់វរសេនាតូចនគរបាលការពារព្រំដែនគោក៧០១ អោយពង្រឹងការទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន

0

ខេត្តស្ទឹងត្រែង៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ នាយ នាយរង និងពលនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យយកចិត្តទុកដាក់ និងខិតខំបន្ថែមទៀត ក្នុងការសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងប្រទេសជិតខាង ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ឱ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា ខេត្តមួយចំនួនដែលនៅជាប់ព្រំដែន ជាពិសេសខេត្តស្ទឹងត្រែង  ដែលមានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ងាយប្រឈមជាមួយបទល្មើស ដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ។

ការណែនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែង នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខនាយនគរបាល នាយរងនគរបាល និងពលនគរបាលជាតិ នៃអង្គភាពរវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ​ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ទាំងអស់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យ ជូនប្រទេសជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់រាល់នូវភាពអសកម្មនានា ដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឱ្យបានច្រើន ពិសេសការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា ជនមានពិការភាព បន្ថែមលើការងារជំនាញ ដែលកំពុងបំពេញការងារប្រចាំថ្ងៃ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងដំណើរចុះសួរសុខទុក្ខកម្លាំងនគរបាល តាមបណ្ដោយព្រំដែនទិសភូមិភាគទី១ និងទិសភូមិភាគទី២ ។

ក្រោយពិធីសំណេះសំណាល នៅស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង នោះរួច នាយឧត្តមសេនីយ៍ ក៏បានបន្តដំណើរឆ្ពោះទៅកាន់ អង្គភាពរវសេនាតូចការពារព្រំដែនគោកលេខ៧០១ ដែលមានមូលដ្ឋាន នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ដែលមានព្រំដែនរួមគ្នាជាមួយប្រទេសឡាវ៕ដោយ៖ឡុង សំបូរ