តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

0

ខេត្តព្រះវិហារ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ឯកឧត្តម ​នាយឧត្តមសេនីយ៍ គីម ប៊ុនថានតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ប្រគល់ជូនទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ។

អំណោយដ៏ថ្លៃថ្លា ដែលបញ្ជាការដ្ឋានតំបន់សឹកព្រះវិហារ ទទួលបាននៅពេលនោះ រួមមាន៖ អង្ករ១០តោន  ទឹកត្រី២០០យួរ ទឹកស៊ីអ៊ីវ២០០យួរ មីជាតិ២០០កេស​ និងត្រីខ១០០កេស ដើម្បីធ្វើការងារមនុស្សធម៌ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ​តែងតែបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ គ្រឿងសំណង់ជាច្រើនដល់អង្គភាពតំបន់សឹករងខេត្ត ដើម្បីបម្រើការងារមនុស្សធម៌ ចែកជូនបងប្អូនអតីតយុទ្ធជន កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុណាមួយ។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានបន្តថា ជំនួសមុខឲ្យ មេបញ្ជាការរង នាយសេនាធិការ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ដែលតែងតែឧបត្ថម្ភ សម្ភារប្រើប្រាស់ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់នេះឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បាននាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះ នាយ-ពលទាហាន ទាំងអស់របស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ពិសេសនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន៕ដោយ៖ឡុង សំបូរ