ខេត្តព្រះវិហារ៖ អតីតយុទ្ធជន ជនពលី ពិការ និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ៩៧គ្រួសារ នៅក្នុងស្រុកឆែប និងក្រុងព្រះវិហារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគពីប្រមុខដឹកនាំសមាគម និងអំណោយមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់ជូនតាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ៩៧គ្រួសារ ក្នុងនោះ ៥២គ្រួសារ មកពីស្រុកឆែប និង ៤៥គ្រួសារទៀត មកពីក្រុងព្រះវិហារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុង ១យួរ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ដែលសម្តេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជន ជនពលី និងជនពិការក្នុងសម័យសង្គ្រាម គឺជាអ្នកដែលមានគុណបំណាច់ ចំពោះជាតិ មាតុភូមិ ដោយបានចូលរួមចំណែកជាមួយ សម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងត្រូវខិតខំបង្ករបង្កើនផល ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ របស់ក្រុមគ្រួសារនីមួយៗទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន គួបផ្សំនឹងប្រាក់បំណាច់ប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។
ក្រុមគ្រួសារអតីតយុទ្ធជន បានសម្តែង នូវសមានចិត្តអរគុណជាពន្លឹក ចំពោះសម្ដេចតេជោ សែន ,សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលតែងបានយកចិត្តទុកដាក់ដោះស្រាយ នូវរាល់ការលំបាក ខ្វះខាតរបស់ពួកគាត់ និងអតីតយុទ្ធជននៅទូទាំងខេត្តព្រះវិហារ ទាំងពេលនេះ និងនៅពេលកន្លងមក ៕ ដោយ៖ឡុង សំបូរ