សៀមរាប៖ នៅវត្តព្រះព្រហ្មរ័ត្ន ក្នុងក្រុងសៀមរាបនាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះមានបងប្អូនប្រជាពលរដ្ឋ ទាំងក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកុះករ ដោយមានទឹកមុខសប្បាយរីករាយ ដែលជាអ្នកចូលចិត្តស្រឡាញ់គោរពព្រះពុទ្ធសាសាបានធ្វើដំណើរតាមរយះរថយន្ត ម៉ូតូ និងខ្លះដោយថ្មើជើងសំរាប់ផ្ទះជិតវត្ត ដៃយូរចង្ហាន់មាន បាយ ម្ហូប ផ្លែឈើ ទឹកក្រូច ទឹកសុទ្ធ រួមជាមួយនិង គ្រឿងបច្ច័យទាំងបួនផងដែរដើម្បី យកមកវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តហើយ ស្តាប់ព្រះសង្ឃសូត្រធម៌បង្សុកូលនិងចម្រើនព្រះបរិត្ត ខ្លះសមាទាននូវសីល៥ និងធ្វើពិធីរាប់បាត្រទៅតាមប្រពៃណីព្រះពុទ្ធសាសនា និង ដើម្បីឧទ្ទិសកុលទៅដល់បុព្វការីជន មានជីដូនជីតា បងប្អូន និងញ្ញាត្តិការទាំង៧សណ្តានដែលបានចែកឋានទៅលោកខាងមុខហើយនោះរៀងៗខ្លួនផងដែរ ។ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ហើយទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕