ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានអញ្ជើញបន្ដ ដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ៥០គ្រួសារ នៅក្នុងស្រុកត្បែងមានជ័យ នៅក្នុងថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។
អំណោយដែលត្រូវចែកជូន គ្រួសារអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រទាំង ៥០គ្រួសារ នាពេលនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ,មី ,ទឹកត្រី ,ទឹកស៊ីអ៊ីវ និងត្រីកំប៉ុង ផងដែរ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដែលជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងគិតគូ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជានិច្ច។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែង រំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិកម្ពុជា ឲ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ៕ ដោយ៖ឡុង សំបូរ