ដោយ វេហាស៍
ខេត្តកំពង់ធំ: ដោយអនុវត្តតាមបទបញ្ជារបស់ឯក ឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជា ការយោធភូមិភាគទី៤ ព្រមទាំងការដឹក នាំបញ្ជាផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិ បាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការ តំណាងឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកងទ័ព ចំនួន២១៥នាក់ជាថ្មីទៀត ចូល រួមដាំកូនឈើប្រណិតលើគម្រោងផែនការចំនួន ៣០,០០០ ដើម នៅលើផ្ទៃដី ចំនួន ៥០ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីស្ដារព្រៃឈើឡើងវិញ ដែលពិធីនេះប្រព្រឹត្តទៅនៅអូតាកាវ តំបន់ព្រៃអង់តែន ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោពលខេមរភូមិន្ទ និងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងរយៈពេល៦ខែកន្លងទៅនេះ កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី បានរួមគ្នាការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី ហើយបានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ មានប្រមាណជាង ២,០០០ ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ហើយត្រូវបានដកហូតជាដីរបស់រដ្ឋ ដើម្បីដាំស្ដារព្រៃឈើឡើងវិញទុកជាសម្បត្តិធនធានធម្មជាតិរបស់យេីងទាំងអស់គ្នា ។
ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការ តំណាងឯកឧត្តមឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានអនុញ្ញាតឱ្យកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមដាំដើមឈើនៅពេលនេះ និងសូមអរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដាំស្ដារព្រៃឈើឡើងវិញ ដែលកន្លងទៅរងការបាត់បង់ដោយក្រុមជនល្មើសលួចកាប់បំផ្លាញទន្ទ្រានយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ ។ ហើយបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កង កម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពល រដ្ឋគ្រប់រូប រួមគ្នាថែរក្សាសម្បត្តិធម្មជាតិរបស់យើង ឲ្យនៅគង់វង្ស ដើម្បីទុកឱ្យកូនចៅរបស់យើងនៅជំនាន់ក្រោយៗតទៅទៀត៕