ខេត្តក្រចេះ៖ ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម ,អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តក្រចេះ លោក គង់ គឹមនី និងលោក ហេង សុថា អភិបាលរងខេត្តក្រចេះ ទទួលចុះមូលដ្ឋានក្រុងក្រចេះ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយកពូជស្រូវ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋចំនួន ១៨៣គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៣ ស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ការផ្តល់ពូជស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ បន្ទាប់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គក្រចេះ បានស្រកចុះទៅវិញ ដោយផ្តល់នូវស្រូវពូជចំនួន ១៨,៣០០គីឡូក្រាម លើផ្ទៃដីសរុប ១៩៤ហិចតា សម្រាប់ស្តារលទ្ធភាពការដាំដុះឡើងវិញ។
ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម បានថ្លែងថា ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹងនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ កសិករ កម្មករ ដែលទទួលរងគ្រោះប៉ះពាល់ពីគ្រោះមហន្តរាយ និងលើការងារស្តារឡើងវិញ ។ រីឯការដាំដុះរបស់ប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត ដើម្បីមានលទ្ធភាពស្តារឡើងវិញឲ្យទាន់រដូវកាលបង្កបង្កើនផល ។
លោក ហឿ ស៊ីយ៉ែម បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាវចនាទាំង៥ គឺមានកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយក្នុងបាវចនាទី៣ សមធម៌ គឺការកាត់បន្ថភាពក្រីក្រ ក្នុងនោះ សម្តេចធិបតីបានរៀបចំ ដើម្បីដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយសម្រួមជីភាពបងប្អូនប្រជាកសិករ ឱ្យមានជីវភាពកាន់តែប្រសើរ ។
អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តក្រចេះ លោក គង់ គឹមនី បានថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូ និងយកចិត្តទុកដាក់លើសុខទុក្ខជីវភាពប្រជាជន ប្រជាកសិករ និងបានឆ្លើយតបទាន់ពេលវេលា លើការងារដាំដុះទាន់រដូវ និងបានណែនាំឲ្យប្រជាពលរដ្ឋប្រើប្រាស់ទៅតាមបច្ចេកទេស និងតាមការណែនាំរបស់មន្រ្តីជំនាញ ដើម្បីទទួលបានទិន្នផលល្អ និងតម្លៃខ្ពស់ ។
គួរបញ្ជាក់ថា ក្រុងក្រចេះ មាន ៣សង្កាត់ ស្មើ ១០ភូមិ មានប្រជាពលរដ្ឋចំនួន ១៨៣គ្រួសារ និងផ្ទៃដីស្ដារឡើងវិញ មានចំនួនសរុប ១៩៤ហិចតា ក្រោយរងការខូចខាតពីគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកភ្លៀងទន្លេមេគង្គ នាពេលកន្លងមក៕ដោយ៖ឡុង សំបូរ