មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងប្រទេស និងក្រៅប្រទេស និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន និងការត្រៀមបម្រុងកងកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ដែលកេីតមានឡេីងជាយថាហេតុ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីសភាពការណ៍ថ្មីៗ ដែលកេីតមានឡេីងនៅមជ្ឈឹមបូព៌ា រវាងអុីស្រាអែល និង លីបង់ និងរវាងអុីស្រាអែល ជាមួយអុីរ៉ង់ ដែលកំពុងមានភាពតានតឹង ព្រមជាមួយនោះក៍បានគូសបញ្ជាក់បន្ថែមអំពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកផងដែរ ។ ដោយឡែកនៅ ប្រទេសកម្ពុជាយើងមានសុខសុខសន្តិភាព ពេញលេញ ដូច្នេះយើងត្រូវថែរក្សាសុខសន្តិភាពនេះឲ្យនៅគង់វង្សជារៀងរហូត ។ ហេីយនៅក្នុងសប្តាហ៍នេះផងដែរ មានជនម្នាក់នៅក្រៅប្រទេស ដែលបានរំលោភបំពានរដ្ឋធម្មនុញ្ញជេរប្រមាថព្រះមហាក្សត្រដែលជាទីគោរពសក្ការៈនៃប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយសមត្ថកិច្ចនៅប្រទេសម៉ាឡេស៊ី ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ប្រទេសកម្ពុជាដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសេីរដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលរួមសហការជាមួយកងកម្លំាងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាជនជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលកន្លងទៅថ្មីៗនេះ ហេីយបានប្រគល់ភារកិច្ច ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ ត្រូវអនុវត្តន៍នូវភារកិច្ចចាំបាច់មួយចំនួនចំពោះមុខមានដូចជា៖ ទីមួយ ត្រៀមរៀបចំយុទ្ធដំណើរទ័ព ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងត្រៀមបិទវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៤ នៅពេលខាងមុខ។ ទីពីរ ត្រូវបន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ។ និងទីបី ត្រូវបន្តត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ពិសេសគ្រោះទឹកជំនន់ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ អត្ថបទ វេហាស៍