អភិបាលស្រុកស្ទោង បានលើកឡើងថា ពុទ្ធចក្រ និងអាណាចក្រគឺជាកងចក្រមនុស្សធម៌ដ៏មានសក្តានុពលមានប្រសិទ្ធភាពបំផុត

0

(ខេត្តកំពង់ធំ)÷លោក សាយ គឹមឡម បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យមួយចំនួន ពីព្រះអនុគណស្រុក ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុក ព្រះគ្រូចៅអធិការលោកអាចារ្យគណៈកម្មការវត្តទាំងអស់នៅក្នុងស្រុកស្ទោង រសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៤ នៅសាលាស្រុកស្ទោង។

ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់ រួបរួម សហការ សាមគ្គីគ្នា រវាងពុទ្ធចក្រនិងអាណាចក្រ និងថ្នាក់ដឹកនាំស្រុកស្ទោងជាមួយ ព្រះអនុគណ ព្រះសង្ឃ លោកអាចារ្យគណៈកម្មការ ជាពិសេសព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុកស្ទោង និងជាព្រះចៅអធិការវត្តឃ្លាំងខ្មូត ដែលព្រះអង្គតែងតែគិតគូរយកព្រះទ័យទុកដាក់សហការ ដឹកនាំ ព្រមទាំងឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់និងបច្ច័យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយរដ្ឋបាលស្រុកស្ទោងកន្លងមក។

លោក បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុក និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តគ្រប់វត្តក្នុងស្រុកស្ទោង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ទំនុកបម្រុងព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទចំណុះជើងវត្ត បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាសាលារៀន ស្ពាន ថ្នល់ ជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍមូលដ្ឋាន ការចូលរួមកិច្ចការមនុស្សធម៌ជាមួយរដ្ឋបាលស្រុកស្ទោងកន្លងមកជាពិសេសការយកនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់និងបច្ច័យមួយចំនួនធំមកឧបត្ថម្ភដល់រដ្ឋបាលស្រុកស្ទោងសម្រាប់ធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ ឬជួបឧបទ្ទវហេតុផ្សេងៗ នៅក្នុងមូលដ្ឋាននៅពេលនេះ។

សូមបញ្ជាក់ថា ការចូលរួមឧបត្ថម្ភនៅពេលនេះគឺមានគ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ និងបច្ច័យចំនួន ៥,៤៨៩,៥០០រៀលផងដែរ។ អត្ថបទ វេហាស៍