អភិបាលខេត្តក្រចេះ ណែនាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ នៅក្នុងការប្រឡងរយៈពេល ២ថ្ងៃនេះ

0

ខេត្តក្រចេះ៖​ ប្រសាសន៍ណែនាំរបស់ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានធ្វើឡើងនៅព្រឹកថ្ងៃទី៨តុលានេះ ក្នុងពេលដែល ឯកឧត្តម បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅមណ្ឌលវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្រុងក្រចេះ។

នៅក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកអភិបាលខេត្តបានថ្លែង ផ្តាំផ្ញើដល់ក្មួយៗដែលជាបេក្ខជនប្រឡងទាំង២៤០៥នាក់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរយៈពេល០២ថ្ងៃនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សក្តិសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ​ លោក ឡាយ បូរ៉ា បានឲ្យដឹងថា​ បេក្ខជនដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុរិយភូមិ នៅក្នុងខេត្តក្រចេះ ឆ្នាំ២០២៤នេះ មានចំនួន ២ពាន់ ៤០៥នាក់ ស្រី ១ពាន់ ៣៤៣នាក់ ក្នុងនោះបេក្ខជនស្វ័យរិន ចំនួន ៣៥៨នាក់ ស្រី ១៦៨នាក់ ។ លោកថា នៅទូទាំងខេត្តក្រចេះ មានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រ ចំនួន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម ចំនួន ៣ ស្មើនឹង ៩៧បន្ទប់ ។ រីឯគណៈមេប្រយោគ មានចំនួនសរុប ៣២៤នាក់ ក្នុងនោះស្រី ១២៥នាក់ ។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបញ្ជាក់ថា បេក្ខជនដែលចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ ឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំ ២០២៣ មានបេក្ខជនសរុប ២ពាន់ ៣៤៤នាក់ គឺមានការកើនឡើង ចំនួន ៦១នាក់។ ចំពោះដំណើរការប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន៕ដោយ៖ឡុង សំបូរ