ឯកឧត្តម ស៊ូ សុជាតិ ជំរុញឱ្យមន្ត្រីជំនាញឱ្យជួយផ្សព្វផ្សាយបន្ត ដើម្បីការពារសាធារណជន និងបង្ការ ទប់ស្កាត់ឱ្យទាន់ពេលវេលា ចៀសវាងការចាញ់បោក ដោយសារជនទុច្ចរិតបានប្រើប្រាស់ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ដើម្បីឆបោកប្រជាពលរដ្ឋ

0

(កំពង់ធំ)÷ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាស្តីពី(ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ) ស្នើសុំកិច្ចសហការពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងអ្នកចូលរួមទាំងអស់ ឱ្យជួយផ្សព្វផ្សាយបន្ត ដើម្បីការពារសាធារណជន និងបង្ការ ទប់ស្កាត់ឱ្យទាន់ពេលវេលា ជៀសវាងការចាញ់បោក ដោយសារជនទុច្ចរិតបានប្រើប្រាស់ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ដើម្បីឆបោកប្រជាពលរដ្ឋ។

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការគាំពារវិនិយោគិន ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ធំ ព្រមទាំងវាគ្មិនដែលអញ្ជើញពីក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសហការីពីនិយ័តករមូលបត្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានសិក្ខាសាលាស្តីពី(ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ)នៅថ្ងៃនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិស័យមូលបត្រ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងវិស័យមូលបត្រ ជាពិសេសចូលរួមសហការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋមូលដ្ឋាន អំពីសកម្មភាពអាជីវកម្មមូលបត្រ ដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រយោជន៍សាធារណជន និងសេដ្ឋកិច្ចជាតិផងដែរ ធ្វើឱ្យប្រជាពលរដ្ឋខាតបង់លុយកាក់ដែលរកបានដោយកម្លាំងញើសឈាមយ៉ាងលំបាក។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថាសិក្ខាសាលានៅថ្ងៃនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការប្រមូលមូលនិធិក្រោមរូបភាពវិនិយោគពិតប្រាកដក្នុងវិស័យមូលបត្រដោយស្របច្បាប់ រូបភាពវិនិយោគក្នុងវិស័យមូលបត្រដោយគ្មានអាជ្ញាបណ្ណស្របច្បាប់ និងការឆបោកក្រោមរូបភាពនៃការវិនិយោគ បទល្មើសតាមបច្ចេកវិទ្យា និងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ។ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់នូវសកម្មភាពខុសច្បាប់ ហើយរួមគ្នាចាត់វិធានការផ្លូវច្បាប់ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការកៀរគរថវិកា និងការប្រមូលមូលនិធិពីប្រជាពលរដ្ឋក្រោមរូបភាពវិនិយោគផ្សេងៗ ដោយសន្យាផ្តល់ប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ដែលសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទលោក ធូ កែវមុន្នី