អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣០០គ្រួសារ នៅឃុំត្រពាំងឬស្សី ស្រុកកំពុងស្វាយ

0

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត អមដំណើរដោយលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន៣០០គ្រួសារ ស្ថិតឃុំត្រពាំងឬស្សី នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ថា  ជាក់ស្តែងស្ថានភាពដី នៅក្នុងឃុំត្រពាំងឫស្សី នេះបានផ្តល់ទិន្នផលទាប សម្រាប់ស្រែវស្សា ដែលប្រជាកសិករ មិនអាចទទួលយក បានដោយគ្មានប្រភពទឹក ដោយឆ្នាំកន្លងទៅនេះ បញ្ហាគ្រោះរាំងស្ងួត បានអូសបន្លាយរយៈពេលវែងបណ្តាលឱ្យដំណាំស្រូវ ដំណាំរួមផ្សំ មួយភាគត្រូវបានខូចខាតដែល ធ្វើប៉ះពាល់ដល់ ជីវភាពរស់នៅ ប្រជាពលរដ្ឋមួយចំនួន និងជួបផលលំបាកការខ្វះខាតស្បៀង ជារៀងរាល់ឆ្នាំនៅរដូវវស្សា។ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តប្រកបដោយការយកចិត្តទុកដាក់ខ្ពស់នូវជីវភាព សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ ដោយមាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បាននាំយកស្បៀងនិងសម្ភារៈគ្រឿងឧបភោគបរិភោគមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ ដែលជួបការលំបាក ក្នុងជីវភាព រស់នៅ ប្រចាំថ្ងៃនាពេលនេះមានសរុបចំនួន៣០០ គ្រួសាររស់នៅក្នុង ឃុំត្រពាំងឫស្សី នាពេលនេះ។

ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច និងលោក  អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ដែលបានយកចិត្ត ទុកដាក់សហការគ្នាក្នុងការចែកអំណោយជូនដល់បងប្អូន ដែលមានជីវភាពខ្វះខាត។ នៅក្នុងឱកាសនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ។

សម្រាប់អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៣០០គ្រួសារ នៅពេលនេះ ក្នុង១គ្រួសារៗទទួលបាននូវ៖ អង្ករ ត្រីខ ភួយ  និងទឹកស៊ីអ៊ីវផងដែរ ដែលជាអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី