ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ៤លានរៀល ប្រគល់ជូនគ្រួសារអតីតយុទ្ធជន នៅស្រុកជាំក្សាន្ត

0

ខេត្តព្រះវិហារ៖ ថវិកាបេឡាមរណៈសង្គ្រោះ ៤លានរៀល ត្រូវបានមេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដឹកនាំក្រុមការងារ នាំយកទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជន ១គ្រួសារ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅភូមិសែនជ័យ ឃុំស្រអែម​ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

អតីតយុទ្ធជន ១រូប ដែលបានមរណៈភាពកាលពី ៣ខែមុននេះ ឈ្មោះ សាំង​ វុទ្ធី​ ភេទប្រុស អាយុ ៥៩ឆ្នាំ មុខសញ្ញានិវត្តជន ជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា​ ខេត្តព្រះវិហារ និងនៅល្ងាចថ្ងៃទី១០តុលានេះ គ្រួសារសពអតីតយុទ្ធជន បានទទួលថវិកាបេឡាមរណៈសង្គ្រោះ ៤លានរៀល ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះគ្រួសារអតីតយុទ្ធជន ព្រោះត្បិតសម្តេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក៏ដូចគ្រួសារអតីតយុទ្ធជន នូវគ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថា បងប្អូនអតីតយុទ្ធជន ជនពលី ពិការក្នុងសម័យសង្គ្រាម សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងបំផុត ចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ព្រោះត្បិតអតីតយុទ្ធជន បានចូលរួមចំណែកយ៉ាងសកម្ម ប្តូរផ្តាប់ និងអង់អាចក្លាហាន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ជាមួយ សម្ដេចតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានប្រកាសយ៉ាងឱឡារឹក ថា សពអតីតយុទ្ធជន លោក សាំង​ វុទ្ធី​ គឺជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានប្រគល់សេចក្តីសម្រេចរបស់ស មាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារសព នៅក្នុងពេលនោះ ផងដែរ៕ដោយ៖ឡុង សំបូរ