ខេត្តកំពង់ស្ពឺ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាមតាមផ្លូវ ក្នុងភូមិបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលករណីនេះ សមត្ថកិច្ចដាក់ការសង្ស័យជារឿងគំនុំ ។
ហេតុការណ៍ អា.កសម្លាប់មនុស្សយ៉ាងសាហាវនេះ បានកើតមានឡើង កាលពីវេលាម៉ោង ២២ និង ១៣ នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ត្រង់ចំណុចតាមផ្លូវ មុខផ្ទះជនរងគ្រោះ ក្នុងភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះមានឈ្មោះស៊ុម ម៉ន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ នៅក្បែរជនសាកសពជនសង្ស័យមានបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E.6818 ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បាននិយាយថា ក្នុងយប់កើតហេតុ មានពិធីបុណ្យសពរបស់អ្នកភូមិ ដែលនៅចំងាយពីផ្ទះ ជនរងគ្រោះប្រមាណជាង ១០០ ម៉ែត លុះដល់ម៉ោងជាង ២២យប់ ស្រាប់តែមានភាពភ្ញាក់ផ្អើលថា មានបុរសម្នាក់ ត្រូវបានឃាតកកាប់បណ្តាលឱ្យស្លាប់នៅតាមផ្លូវស្ថិតក្នុងភូមិ ។ ប្រភពបន្តថា នៅក្បែរជនរងគ្រោះមានសន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកសេ125 លេខកំពង់ស្ពឺ 1E.6818 ដែលគេស្គាល់ថា របស់ឈ្មោះម៉ននៅផ្ទះទល់មុខគ្នាជាមួយសាកសពតែម្តង ។
លោកវិន ឡេងហួង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកសំរោងទង បានប្រាប់ឱ្យដឹង កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះថា ជនរងគ្រោះឈ្មោះស៊ុម រិត អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែនជនសង្ស័យត្រូវបានស្គាល់ថា ឈ្មោះកុយ ម៉ន ភេទ ប្រុស អាយុ ២៩ ឆ្នាំនៅភូមិជាមួយគ្នា កំពុងតែរត់គេចខ្លួនបាត់ ។ លោកបានបន្តថាករណីនេះ សមត្ថកិច្ចមិនទាន់ហាន សន្និដ្ឋានជាក់លាក់នោះទេ ប៉ុន្តែអាចជារឿងគំនុំចោទចេះធ្វើអំពើអាបធ្មប់ ។
សមត្ថនគបាល ស្រុកសំរោងទង បានប្រាប់ថា ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះដល់កន្លែង ហ៊ុំព័ទ្ធការពារជុំវិញកន្លែងកើតហេតុ ដើម្បីរក្សាស្ថានភាពជុំវិញសាកសព រងចាំព្រឹកឡើងមន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងកោសលវិច្ច័យស្វែងរកវត្ថុតាងផ្សេងៗ ។ ប្រភពបន្តថា ក្នុងករណីនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ មកធ្វើការសាកសួរ ទី១ឈ្មោះកុយ ម៉េន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មានប្រពន្ធនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែមានមកចូលរួមបុណ្យសពម្តាយ មិនទាន់ត្រឡប់ទៅវិញ ទី២ឈ្មោះតុង ប៉ិច ភេទប្រុស អាយុ២៤ឆ្នាំ ទី៣ឈ្មោះកុយ ម៉ាក់ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៤ឈ្មោះស៊ុន សៅ ហៅវ៉ិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
ប៉ូលិសបន្តថា ក្នុងដំណាក់ការនៃ ការសាកសួរជនសង្ស័យទាំង ៤នាក់ បានឆ្លើយថា អ្នកដៃដល់សម្លាប់ជនរងគ្រោះឈ្មោះស៊ុម រិត នោះឈ្មោះកុយ ម៉ន ដែលបានរត់គេចខ្លួនបាត់ ហើយចំពោះម៉ូតូជនល្មើសដួលក្បែរសាកសព គឺពួកគេជាអ្នករៀបចំអូសពីក្នុងផ្ទះ យកមកផ្តួលចោលជិតសាកសព ដើម្បីបង្វែរសាច់រឿងចោទជនរងគ្រោះលួចម៉តូ ។ ប្រភពបន្តថាករណីនេះ តាមការសន្និដ្ឋានជំហានដំបូង អ្នកមានការពាក់ដូរសម្លរកំពឹស ព្រោះការសម្លាប់ជនរងគ្រោះពួកគេបានរៀបចំគំរោងរួចជាស្រាច់ប៉ុន្តែពេលនេះមិនអាចបង្ហាញច្បាស់លាស់ទេ រងចាំការស៊ើបអង្កេតឱ្យស៊ីជម្រៅ និងលំអិតបំផុត ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមានករណីអា.កសម្លាប់មនុស្សនេះ ម្តាយរបស់ជនដៃដល់ ដែលបានរត់គេចខ្លួនបាត់នោះ បានស្លាប់ហើយបន្ទាប់ពីធ្វើបុណ្យ៧ថ្ងៃចប់ ស្រាប់តែមានសាច់ញាតិរបស់គេម្នាក់ទៀតមានស្លាប់ កំពុងតែធ្វើបុណ្យនៅយប់កើតហេតុ ដោយមានការផឹកស៊ីកំដររោងបុណ្យសព លុះរហូតយប់ជ្រៅរៀបចំផែនការសម្លាប់ជនរងគ្រោះតែម្តង ។
ព័ត៌មានចុងក្រោយបានបង្ហើបថា ករណីអា.កសម្លាប់ឈ្មោះស៊ុម រិតនេះ អាចបណ្តាលមកពីរឿងគំនុំផ្ទាល់ខ្លួន ដោយចោទប្រកាន់ថា ជនរងគ្រោះជាមនុស្សចេះធ្វើអំពើអាបធ្មប់ ទើបឃុបឃិតគ្នាសម្លាប់ចោល និងមានបំណងបង្វែរពីរឿងឃាតកម្ម ទៅជារឿងចោរលួចម៉ូតូទើបត្រូវបានសម្លាប់បែបនេះតែម្តង ៕