កំពង់ធំ÷ដើម្បីលើកទឹកចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំទូកត្រៀមប្រកួតនៅខេត្តកំពង់ធំ ឈ្មោះ មនោម័យពាមមេត្រីស្រីសសែនជ័យ មានចណុះ២២នាក់ប្រវែង២២.៥០ម៉ែត្រ ត្រៀម០៥នាក់ ដែលត្រូវត្រៀមខ្លួនចូលរួមអបអរសារទរ ប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ នាពេលខាងមុខ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះជួយឃុំ ឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការវត្តពាមមេត្រី និងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងក្រុមការងារ បានរៀបចំពិធីក្រុងពាលី និងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ដល់កម្លាំងក្រុមកីឡាករអុំទូកខ្នាតអន្តរជាតិឈ្មោះ មនោម័យពាមមេត្រីស្រីសសែនជ័យ ដើម្បីដំណើរការហ្វឹកហាត់ត្រៀមចូលរួមអបអរសាទរ និងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។
លោកជំទាវ លំ គន្ធារី បានថ្លែងថាក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ។ ប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ដើម្បីប្រជាជនសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។ លោកជំទាវបានណែនាំដល់ក្រុមកីឡាករទូកឈ្មោះ មនោម័យពាមមេត្រីស្រីសសែនជ័យ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតអបអរសារទរ ក្នុងការប្រណាំងទូកនៅខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ ។
លោក សៀន សុខា ប្រធានក្រុមកីឡាករទូកខ្នាតអន្តរជាតិឈ្មោះ មនោម័យពាមមេត្រីស្រីសសែនជ័យ បានថ្លែងអំណរគុណចំពោះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះជួយឃុំ ឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការវត្តពាមមេត្រី និងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងក្រុមការងារ ដែលបានជួយគាំទ្រដល់ក្រុមកីឡាករទូកទាំងអស់ ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួតក្នុងពិធីអបអរសាទរ បុណ្យអុំទូកអកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២៤នេះ ឱ្យទទួលបានជោគជ័យផងដែរ។ អត្ថបទលោក ធូ កែវមុន្នី