បង្ក្រាបឈើនៅកណ្តាលក្រុងបានលុង កម្លាំងនគរបាលខេត្ត ដកហូតបានឈើ ១៩ដុំ ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី

0

ខេត្តរតនគិរី៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះបង្ក្រាប និងរឹបអូសបានឈើ ១៩ដុំ ក្នុងចំណោមឈើ ៤០ដុំ ដែលឈ្មួញបានដឹកជញ្ជូនចេញពីដែនព្រៃ យកមកស្តុកទុកនៅកណ្តាលក្រុងបានលុង ត្រៀមដឹកយកទៅលក់បន្ត នៅក្នុងឱកាសដែលអំណោយផល។

ប្រតិបត្តិការនោះ បានធ្វើឡើងនៅម៉ោងប្រមាណ ៧ និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុនពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប មានប្រជាពលរដ្ឋបានប្រទះឃើញ ឈ្មួញឈើម្នាក់ បានធ្វើការដឹកជញ្ជូនឈើទាំងនោះ យកមកស្តុកទុកគ្របតង់បិទជិត ចំនួន២កន្លែង (២គំនរស្មើ៤០ដុំ) នៅចំណុចខាងលើនោះ ហើយពលរដ្ឋក៏បានប្រាប់អ្នកសារព័ត៌មាន ចុះទៅដល់ទីតាំងលួចលាក់ស្តុកឈើគ្មានច្បាប់នោះ ហើយអ្នកសារព័ត៌មាន ក៏បានរាយការណ៍បន្ត ជូនកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាប និងរឹបអូសឈើនោះបាន ១៩ដុំ ប្រគល់ឱ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា នៅមុនពេលសមត្ថកិច្ចចុះបង្ក្រាប ឈើទាំងអស់ត្រូវគេរាប់ឃើញ ៤០ដុំ តែក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចដកហូតបានតែ ១៩ដុំប៉ុណ្ណោះ សមត្ថកិច្ចបញ្ជាក់ថា នៅពេលរឹបអូសឃើញឈើមានតែ ១៩ដុំ សង្ស័យឈ្មួញឈើដឹកជម្លៀសយកចេញ នៅមុនពេលសមត្ថកិច្ចចុះទៅដល់។

មេឈ្មួញឈើនោះ ត្រូវគេស្គាល់ឈ្មោះ គុណ គឺជាអ្នកជំនួញបទល្មើសផល-អនុផលព្រៃឈើយូរយាណាស់មកហើយ និងយ៉ាងសកម្មបំផុត ប្រចាំស្រុកអូរជុំ ហើយនៅរយៈកាលកន្លងមក កម្លាំងសមត្ថកិច្ចចម្រុះ ក៏ធ្លាប់បានចុះបង្ក្រាបម្តងរួចមកហើយដែរ នៅគ្រានោះ ឈ្មួញឈើរូបនោះ ក៏បានលួចរំដោះឈើចេញពីទីតាំងបង្ក្រាប មុនពេលសមត្ថកិច្ចចុះទៅដល់ ដូចការបង្ក្រាបនៅលើកនេះអញ្ចឹងដែរ។

ទោះយ៉ាងណា ឈ្មួញឈើរូបនោះ មិនទាន់ឃើញមានការឃាត់ខ្លួននៅឡើងទេ រហូតមកដល់ពេលនេះ ។ចំណែក ឈើដែលបង្ក្រាប និងរឹបអូសបាន គឺមានចំនួន ១៩ដុំស្មើ០,៤១២ម៉ែត្រគូប ជាប្រភេទឈើលេខ១ ឈើផ្ចឹក ឈើទាំងនោះ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅឱ្យ ខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី នៅព្រឹកថ្ងៃទី១២ តុលា ២០២៤នេះ ដើម្បីចាត់ការជាបន្តតាមច្បាប់ ស្តីពីព្រៃឈើ៕ ដោយ៖ឡុង សំបូរ