ខេត្តព្រះវិហារ៖ ការលើកឡើងរបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តព្រះវិហារ នៅថ្ងៃទី១៤តុលា២០២៤ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងសមាជិក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូបទៀត ផងដែរ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងឯកសារ ចំនួន៣ មុននឹងដាក់ទៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត គឺ ១.សេចក្តីព្រាងប្រតិទិន សម្រាប់ដំណើរការកសាងផែនការ អភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ របស់ រដ្ឋបាលខេត្តព្រះវិហារ។ ២.សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែក គោលនយោបាយ សម្រាប់កសាង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តព្រះវិហារ និង៣.សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ រដ្ឋបាលខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធនានា ស្តីពីការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ព្រមទាំងពិនិត្យ និងពិភាក្សា លើការងារត្រៀមលក្ខណៈរៀបចំពិធីប្រណាំង ទូកង នៅក្នុងឱកាសនៃការអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ កិច្ចប្រជុំក៏បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងបានអនុវត្តទៅតាមរ បៀវារៈដែលបានគ្រោងទុក៕ ដោយ៖ឡុង សំបូរ