ខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ចំណុះរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១៥តុលា២០២៤ បានរួមគ្នារៀបចំទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១២ឆ្នាំ (១៥តុលា២០១២-១៥តុលា២០២៤)។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ចំណុះរដ្ឋបាលខេត្តព្រះវិហារ បានប្តេជ្ញាបន្តដង្ហែរតាមព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជារាស្ត្រខ្មែរ និងថែរក្សាការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេរគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រទេសជាតិទាំងមូល។
អភិបាលស្តីទីខេត្តព្រះវិហារ លោក មុត ភិសិទ្ធនា បានអានសារលិខិតថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋគម្រប់១២ ឆ្នាំ ដែលមានខ្លឹមសារថា ទូលព្រះបង្គំ និង ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ក៏ដូចជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ នៅតែមានអារម្មណ៍ក្ដុកក្ដួល និងសោកស្តាយឥត គណនា ដែលកម្ពុជាបានបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុត ដែលព្រះអង្គ ជាព្រះរាជ បិតា សន្តិភាព បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ពោរពេញដោយបទពិសោធន៍កំពូល ទ្រង់មានព្រះតម្រិះរិះរ គន្លឹះដោះស្រាយបញ្ហាកម្ពុជា ប្រកបដោយគតិបណ្ឌិតទេពកោសល្យ ស្របតាមមាគ៌ាដ៏ត្រឹមត្រូវ ធ្វើឱ្យប្រជារាស្ត្រខ្មែរ ទទួលបាននូវសុខសន្តិភាព ជីវភាពរស់នៅសុខដុមរម្មនា ដោយស្ងប់ចិត្តស្ងប់ អារម្មណ៍រួមរស់ជាមហាគ្រួសារតែមួយ ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
លោក មុត ភិសិទ្ធនា បានបន្តថា ទោះបីព្រះអង្គបានយាងចូលទិវង្គត់ទៅហើយក្តី ក៏ប្រជារាស្ត្រខ្មែរទូទាំងប្រទេស នៅតែចងចាំជានិច្ចមិនអាចបំភ្លេចបាន ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការដណ្តើមបានទាំងស្រុងមកវិញ នូវឯករាជ្យជាតិ ជូនជាតិមាតុភូមិ ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឱ្យកម្ពុជាងើបមុខមាត់ មានកេរ្តិ៍ឈ្មោះ កិត្តិសព្ទ និងមានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ។
យើងខ្ញុំទាំងអស់គ្នា ក្នុងនាមជាប្រជារាស្ត្រខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាលរដ្ឋទូទាំងខេត្តព្រះវិហារ សូមសម្តែងនូវការគោរព ដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះករុណា “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងបូជា ចំពោះជាតិ មាតុភូមិកម្ពុជា៕ដោយ៖ឡុង សំបូរ