ដោយ វហាស៍
សៀមរាប៖ ឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយ ប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសល ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួបសោយទិវង្គត ១២ព្រះវស្សា នៅបរិវេណព្រះរាជដំណាក់ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាំងនាមឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សូមសម្តែងព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រ ទូទាំងព្រះនគរ មហាទុក្ខសោកនៃប្រជាជាតិកម្ពុជា ១៥ តុលា ២០១២ ថ្ងៃដែលប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។
អាជ្ញាធរជាតិអប្សរា ចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា ក៏ដូចជាព្រះរាជកិច្ចដាក់បញ្ចូលតំបន់អង្គរជាបេតិកភណ្ឌពិភពលោករហូតដល់សព្វថ្ងៃនេះ៕